ករណីគប់គ្រាប់បែកចូលផ្ទះបណ្ដាលឱ្យផ្ទុះរបួសក្មេងម្នាក់ នៅស្រុកបាណន់ នៅពុំទាន់ចាប់ជនដៃដល់បានទេ!

(បាត់ដំបង)៖ សមត្ថកិច្ចមិនទាន់ចាប់បាន ជនដៃដល់ដែលគប់គ្រាប់បែកចូលក្នុងបន្ទប់ផ្ទះអ្នកភូមិ បណ្តាលឱ្យផ្ទុះលាន់កក្រើក បង្កឱ្យក្មេងប្រុសម្នាក់រងរបួសធ្ងន់នោះទេ។
-ករណីនេះគេដាក់ការសង្ស័យផ្តើមឡើងពីរឿងគំនុំ។
ហេតុការណ៍គួរឱ្យតក់ស្លុតខាងលើ បានកើតឡើង នៅម្តុំទួលក្រសាំង ស្ថិតក្នុងភូមិសំបួរមាស ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៤ ខែកុម្ភៈ។

សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ស៊ុក កុយ អាយុ៤១ឆ្នាំ និងប្រពន្ធឈ្មោះ ស៊ឹម នៅ អាយុ៣៧ឆ្នាំនៅភូមិ-ឃុំខាងលើ។
ពេលកើតហេតុជនមិនស្គាល់មុខបានគប់គ្រាប់បែកចូលតាមប្រឡោះបង្អូចបន្ទប់ដេកកូនស្រីម្ចាស់ផ្ទះ បណ្ដាលផ្ទុះលាន់កក្រើកកណ្តាលយប់។
ប៉ុន្តែសំណាងល្អក្នុងយប់នោះកូនស្រីម្ចាស់ផ្ទះមិនបានដេកក្នុងបន្ទប់នោះទេ។

ក្នុងហេតុការណ៍បណ្តាលឱ្យក្មេងប្រុសម្នាក់ ឈ្មោះ ស៊ុក ខាវី អាយុ១២ឆ្នាំ ជាកូនម្ចាស់ផ្ទះរងរបួសពេលកំពុងដេកជាមួយឪពុកម្តាយ ជាប់បន្ទប់ដែលគប់គ្រាប់បែកចូល។
ម្ចាស់ផ្ទះរងគ្រោះបានប្រាប់ថា មុនកើតហេតុពួកគាត់មាន៣នាក់ឪពុកម្តាយ និងកូនកំពុងដេកលង់លក់ស្រាប់ឮសំឡេងផ្ទុះយ៉ាងខ្លាំង និងមានផ្សែងហុយពេញផ្ទះ ធ្វើឱ្យពួកគាត់ភិតភ័យដោយរួចពីការស្លាប់។

សមត្ថកិច្ចមូលដ្ឋានបានសន្និដ្ឋានជំហានដំបូងថា ជុំវិញករណីគប់គ្រាប់បែកចូលបន្ទប់ដេកនាងក្រមុំកូនម្ចាស់ផ្ទះ សង្ស័យអាចផ្ដើមចេញពីរឿង“គំនុំស្នេហាត្រីកោណ” រវាងកូនស្រីម្ចាស់ផ្ទះជាមួយជនដៃដល់ ដែលគប់គ្រាប់បែកនោះ។
ដោយខឹងនាងបានបែកចិត្តទៅមានអ្នកថ្មីទៀត ប៉ុន្តែទោះយ៉ាងណាសមត្ថកិច្ច កំពុងតែបើកការស្រាវជ្រាវ និងស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ដើម្បីកំណត់មុខសញ្ញា ឈានដល់ការចាប់ខ្លួនបានទើបដឹងរឿងពិត៕

Leave a Reply

Your email address will not be published. Required fields are marked *