(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរនៃសាលាដំបូង រាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ ។
បានសម្រេចឃុំខ្លួន ជនត្រូវចោទ២នាក់ ក្នុងចំណោមបក្ខពួក៥នាក់ ពីបទរក្សាទុកដឹកជញ្ជូន និងជួញដូរគ្រឿងញៀនខុសច្បាប់ ជាង៧គីឡូក្រាម។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានជម្រាបជូនសាធារណជនបានជ្រាបថា កាលពីថ្ងៃទី៣ ខែកុម្ភៈ តុលាការភ្នំពេញបាន និងកំពុងចាត់ការសំណុំរឿងព្រហ្មទណ្ឌលេខ៧០០ចុះថ្ងៃទី៣១ ខែមករាឆ្នាំ២០២៤។
ពាក់ព័ន្ធករណីជួយដូរគ្រឿងញៀនជាប្រភេទកេតាមីនទម្ងន់៤,៩៧៣.៨០ក្រាម និងប្រភេទអ៊ិចស្តាស៊ី ទម្ងន់ ២,៥២៨ក្រាម។
បុរសត្រូវចោទចំនួន២នាក់ឈ្មោះ ប្រាក់ ភិរម្យ អាយុ៤៩ឆ្នាំ ឈ្មោះ ផា វុត្ថា អាយុ៤០ឆ្នាំ និងបុរសត្រូវចោទកំពុងគេចខ្លួន២នាក់ទៀត ឈ្មោះ ខែក ចាន់រិទ្ធី អាយុ៣៩ឆ្នាំ និងឈ្មោះ ស្រី សុធី អាយុ៥៤ឆ្នាំ ពីបទជួញដូរគ្រឿងញៀន។
ពួកគេបានប្រព្រឹត្តនៅផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី២៨ ខែមករាឆ្នាំ២០២៤។
រី៝ឯជនត្រូវចោទកំពុងគេចខ្លួនម្នាក់ទៀត ឈ្មោះ អ៊ី ឡា ភេទស្រី អាយុប្រហែល ៣៥ឆ្នាំ ជនជាតិឡាវពីបទ ជួញដូរគ្រឿងញៀនប្រព្រឹត្តនៅអន្លង់ឈើទាល ឃុំព្រះរំកិល ស្រុកបូរីអូរស្វាយ ខេត្តស្ទឹងត្រែង ឆ្ពោះមករាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ ពីបទល្មើសមានបញ្ញត្តិឱ្យផ្ដន្ទាទោសតាមមាត្រា៤០ និងមាត្រា ៤៨ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
បន្ទាប់ពីសួរចម្លើយជនត្រូវចោទ និងបានពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទចំនួន២នាក់ ពីបទល្មើសរក្សាទុក ដឹកជញ្ជូននិងជួញគ្រឿងញៀន តាមមាត្រា ៤០និងមាត្រា៤៨ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
បន្ទាប់មកជនជាប់ចោទ ត្រូវបញ្ជូនទៅដាក់ពន្ធនាគារបណ្តោះអាសន្ន ដើម្បីរង់ចាំបើកសវនាការពេលក្រោយ៕