ការវាយប្រហារ លើប៉ុស្តិ៍ប៉ូលីសនៅប្រទេសប៉ាគីស្ថាន បណ្ដាលឱ្យស្លាប់១០នាក់!

ប៉ូលិសបាននិយាយថា យ៉ាងហោចណាស់ បុគ្គលិកប៉ូលីស10 នាក់ត្រូវបានសម្លាប់ និង 6នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហារ ដោយពួកសកម្មប្រយុទ្ធ មកលើប៉ុស្តិ៍ប៉ូលីស កាលពីព្រលឹមថ្ងៃចន្ទ នៅភាគពាយព្យប្រទេសប៉ាគីស្ថាន។

មន្ត្រីប៉ូលិសនៅតំបន់ Draban របស់ប៉ាគីស្ថាន ក្នុងខេត្ត Khyber-Pakhtunkhwa បាននិយាយថា នៅប្រហែលម៉ោង ៣ទៀបភ្លឺ (ម៉ោងក្នុងតំបន់) ក្រុមសកម្មប្រយុទ្ធបានធ្វើសកម្មភាពបាញ់ប្រហារ ហើយសម្រុកចូលទៅក្នុងអគារស្នាក់ការរបស់ប៉ូលិស។

ស្នងការរងប៉ូលិសតំបន់ Draban លោក Malik Anees ul Hassan បញ្ជាក់ថា«បន្ទាប់​ពីចូលទៅ​ក្នុង​អគារហើយ ក្រុមភេរវករ​បាន​គប់គ្រាប់បែក​ដៃ បណ្តាល​ឱ្យ​មានមន្រ្តីប៉ូលិស​រង​របួស​ថែមទៀត។

យ៉ាងណាមិញ ភ្លាមៗ​គេ​មិន​ទាន់​ដឹង​ទេថា ​នរណា​ជា​អ្នក​នៅ​ពីក្រោយ​ការ​វាយ​ប្រហារនេះ ហើយ​ថា​តើវា​ទាក់​ទង​នឹង​ការ​បោះឆ្នោតឬអត់នោះ។

Draban ស្ថិត​នៅ​ក្នុង​តំបន់​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ​ជា​បន្ទាយ​ដ៏រឹងមាំរបស់​គណបក្ស Jamiat Ulema-e-Islam។
បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក មេដឹកនាំនៃគណបក្សសាសនានិយមមួយនេះ គឺលោក Maulana Fazal Ur Rehman បានធ្វើដំណើរទៅកាន់អាហ្វហ្គានីស្ថាន កាលពីខែមករា ។
ដើម្បីជួបមេដឹកនាំខាងវិញ្ញាណដ៏កំពូលមួយរូបរបស់តាលីបង់ ហើយជាជំនួប​មួយ​ក្នុង​ចំណោម​ជំនួប​​ជាមួយ​ឥស្សរជន​បរទេសដែលមានអ្នកដឹងលឺតិចតួចបំផុត។

គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្តាហ៍មុន បេក្ខជន​តំណាងរាស្រ្ត​ម្នាក់​ត្រូវ​បាន​គេ​បាញ់​សម្លាប់​ នៅកន្លែង​ផ្សេង​ទៀត​ក្នុង​ខេត្ត Khyber-Pakhtunkhwa។
នៅ​ថ្ងៃ​ដដែលនោះដែរ មេដឹកនាំ​នយោបាយ​ម្នាក់​ទៀត​ ក៏ត្រូវគេ​បាញ់​សម្លាប់​នៅ​ឯការិយាល័យ​នៃ​គណបក្ស​របស់លោកតែម្តង ក្នុងខេត្ត Balochistan។
ក្រៅពីនេះ ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក អំឡុងពេលជួប​ជុំ​គ្នាមួយបន្ទាប់ពីយុទ្ធនាការឃោសនាបោះឆ្នោតបានសម្លាប់​មនុស្ស​ ៤នាក់​ក្នុង​ខេត្ត Balochistan ដោយក្រុម ISIS បានចេញមុខទទួលខុសត្រូវ៕

Leave a Reply

Your email address will not be published. Required fields are marked *