Update៖ អ៊ីស្រាអែលវាយប្រហារលើក្រុមពលរដ្ឋ ដែលកំពុងទទួលជំនួយ បណ្ដាលឱ្យស្លាប់១០៤នាក់!

អាជ្ញាធរសុខាភិបាលហ្គាហ្សា បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៩ កុម្ភៈ) ថា ការបាញ់ប្រហាររបស់អ៊ីស្រាអែល ទៅលើហ្វូងមនុស្ស ដែលកំពុងរង់ចាំជំនួយនៅក្បែរទីក្រុងហ្គាហ្សា បានសម្លាប់ជនជាតិប៉ាឡេស្ទីន១០៤នាក់ និង២៨០ នាក់ផ្សេងទៀតរបួស។

យ៉ាងណាមិញ អ្នក​នាំពាក្យ​កងទ័ព​អ៊ីស្រាអែល បាន​និយាយ​ថា ​គ្មាន​ព័ត៌មាន​អំពី​ការ​ទម្លាក់​គ្រាប់បែក​នៅ​កន្លែង​នោះ​ទេ។
ក្រោយមកកងទ័ពបាននិយាយថា មនុស្សរាប់សិបនាក់ បានរងរបួសដោយសារការរុញច្រាន និងរត់ជាន់គ្នា នៅពេលដែលរថយន្តជំនួយបានមកដល់ភាគខាងជើងហ្គាហ្សា។

ប្រភព​អ៊ីស្រាអែល​មួយ​បាន​និយាយ​ថា កងកម្លាំង​បាន​បើក​ការ​បាញ់​ប្រហារ​លើ «មនុស្ស​ជា​ច្រើន» នៅ​ក្នុង​ហ្វូង​មនុស្ស​ ដែល​បាន​បង្ក​ការ​គំរាម​កំហែង​ដល់​ពួក​គេ។
ការិយាល័យរបស់ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas បាននិយាយថា ខ្លួន «ថ្កោលទោសការសម្លាប់រង្គាលដ៏សាហាវឃោរឃៅ ។
ដែលបានប្រព្រឹត្តដោយកងទ័ពអ៊ីស្រាអែលនៅព្រឹកនេះ ប្រឆាំងនឹងប្រជាជនដែលកំពុងរង់ចាំរថយន្តជំនួយក្បែររង្វង់មូល Nabulsi»។

អ្នកនាំពាក្យក្រសួងសុខាភិបាលនៅហ្គាហ្សា លោក Ashraf Al-Qudra បានគូសបញ្ជាក់ថា ឧបទ្ទវហេតុនេះបានកើតឡើងនៅរង្វង់មូល Nabulsi ភាគខាងលិចនៃទីក្រុងហ្គាហ្សា។

ទោះជាយ៉ាងណា ក្រុមហាម៉ាស់ បានព្រមាននៅក្នុងសេចក្តីថ្លែងការណ៍មួយថា ហេតុការណ៍នេះអាចនាំទៅដល់ការបរាជ័យនៃកិច្ចពិភាក្សា ។
ដែលមានគោលបំណងឈានដល់កិច្ចព្រមព្រៀង ស្តីពីបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំង។

សេចក្តីថ្លែងការណ៍បាននិយាយថា «ការចរចាដែលធ្វើឡើងដោយមេដឹកនាំនៃចលនានេះ មិនមែនជាដំណើរការបើកចំហ ដែលត្រូវចំណាយឈាមរបស់ប្រជាជនរបស់យើងទេ» ដោយបន្ថែមថា អ៊ីស្រាអែលនឹងទទួលខុសត្រូវ ចំពោះការបរាជ័យណាមួយ នៅក្នុងកិច្ចចរចា៕

Leave a Reply

Your email address will not be published. Required fields are marked *