ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានសម្លាប់សមាជិកគ្រួសារ៤នាក់ នៅក្នុងផ្ទះមួយខ្នង នៅឯភូមិ Meiss al Jabal ព្រំដែនភាគខាងត្បូង ប្រទេសលីបង់ កាលពីថ្ងៃអាទិត្យ។
នេះបើយោងតាម ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤។
Meiss al Jabal ជាភូមិដែលរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរពីការបាញ់ផ្លោងដាក់គ្នារវាងអ៊ីស្រាអែល និងក្រុមហេសប៊ូលឡាគាំទ្រដោយអ៊ីរ៉ង់ គិតចាប់តាំងពីសង្រ្គាម ហ្កាហ្សាផ្ទុះឡើង។
ក្រុមហេសប៊ូលឡា បានឱ្យដឹងថាជាការសងសឹក ខ្លួនបានបាញ់រ៉ុក្កែត Katyusha ជាង ១០គ្រាប់ទៅលើទីប្រជុំជន Kiryat Shmona របស់អ៊ីសា្រអែល ដែលនៅភាគខាងជើងជាប់ព្រំដែនលីបង់។
គួរបញ្ជាក់ថា បើតាមប្រភពពីក្រុមមន្ត្រីអ៊ីស្រាអែល ចាប់តាំងពីខែតុលា ឆ្នាំ២០២៣មក សមាជិកក្រុមហេសប៊ូលឡាជាង ២៥០នាក់ និងជនស៊ីវិល ៧៥នាក់បានស្លាប់ នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលលើទឹកដីលីបង់។
ចំណែក អ៊ីស្រាអែលវិញ ក៏បានរងនូវការបាញ់មីស៊ីលចេញពីលីបង់ បណ្តាលឱ្យទាហាន និងជនស៊ីវិលជាច្រើននាក់ស្លាប់ផងដែរ។
បើទោះជាមានការវាយប្រហារតាមអាកាស និងការបាញ់ផ្លោងជាបន្តបន្ទាប់ ប៉ុន្តែគេមើលឃើញថា ភាគីទាំងសងខាង កំពុងបញ្ចៀសសង្រ្គាមទ្រង់ទ្រាយធំ…!៕