(សៀមរាប)៖ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ សាលាដំបូងខេត្តសៀមរាប បានសម្រេចឃុំខ្លួនជនត្រូវចោទ ស៊ាង អូន និងប៊ី ពិសិដ្ឋ ក្នុងសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី វើលដ៍ ឯ.ក។
-យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តសៀមរាប បានឱ្យដឹងថា បន្ទាប់ពីចៅក្រមស៊ើបសួរ បានពិនិត្យភស្តុតាង និងសួរចម្លើយជនត្រូវចោទទាំងពីរនាក់នេះថាមានជាប់ពាក់ព័ន្ធនឹងបទល្មើសខាងលើ តុលាការ សម្រេចឃុំខ្លួនអ្នកទំាងពីរដែលជាមេក្រុមនៅក្នុងក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី វើលដ៍ ឯ.ក ពីបទឆបោកមានស្ថានទម្ងន់ទោស (ជាក្រុមមានការចាត់តាំង)។
សូមជម្រាបថាៈ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឃាត់ខ្លួនជនត្រូវចោទ ឡេង ចាន់ណា ភេទស្រីអគ្គនាយិកាក្រុមហ៊ុន ទ្រីលានស៊ីធី មើលដ៍ ឯ.ក.រួមនិងបក្ខពួក២នាក់ទៀត។
រួចបញ្ជូនមកកាន់អយ្យការអមសាលាដំបូង ខេត្តសៀមរាប កាលពីព្រឹកទី១៣.០៣.២០២៤។
-ជនត្រូវចោទ ឡេង ចាន់ណា និងបក្ខពួក ត្រូវបានពលរដ្ឋរាប់សិបនាក់ ប្ដឹងរឿងឆបោកលុយ វិនិយោគ ដោយសន្យាផ្ដល់ប្រាក់ចំណេញច្រើនដល់ពួកគាត់..!។
លុះចុងក្រោយ ធ្វើមិនបានតាមសន្យា ទើបកើតជារឿងប្ដឹងផ្ដល់។
ទន្ទឹមនិងនោះសមត្ថកិច្ច ក៏បានឃាត់ខ្លួនអ្នកពាក់ព័ន្ធ ជាបន្តបន្ទាប់ផងដែរ។
លោកស្រីឧកញ៉ា ឡេង ចាន់ណា ត្រូវបានប្រមុខរដ្ឋស្ដីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់បញ្ចប់គោរមងារ ជា«ឧកញ៉ា»កាលពីថ្ងៃទី១៤.០៣.២០២៤៕