(មណ្ឌលគិរី)៖ អ្នកគ្រូពេទ្យម្នាក់ ត្រូវបានជនដៃដល់ប្រដាប់ដោយអាវុធ AK 47 ចូលទៅបាញ់សម្លាប់ ក្នុងបន្ទប់”ប៉ុស្ដិ៍សុខភាពអណ្ដូងក្រឡឹង” ស្ថិតនៅភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤។
ក្នុងនោះគ្រាប់ បានផ្លាតទៅត្រូវកូនអាយុ៦ឆ្នាំម្នាក់ទៀត បណ្ដាលឲ្យរងរបួសផងដែរ។
-ដែលមូលហេតុ ជនដៃដល់ និងនារីរងគ្រោះ ជាសង្សានិងគ្នា ហើយឈ្លោះប្រកែកគ្នា។
ជនរងគ្រោះឈ្មោះ កែប កែវកន្និកា អាយុ៣៨ឆ្នាំ មុខរបរពេទ្យ មានទៅលំនៅភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង (ស្លាប់ភ្លាមៗ)។
រីឯកូនស្រី រងរបួសដោយសារគ្រាប់ផ្លាតត្រូវនោះ ឈ្មោះ ជូ សាណា អាយុ៦ឆ្នាំ។
ចំណែក ខ្មាន់កាំភ្លើងឈ្មោះ សុខា នុត អាយុ៤១ឆ្នាំ មុខរបរកសិករ(ចាប់ខ្លួន)។
សេចក្ដីរាយការណ៍បានឲ្យដឹងថា ខ្មាន់កាំភ្លើង ក្រោយបាញ់សម្លាប់ជនរងគ្រោះរួច រូបគេបានព្យាយាមបាញ់សម្លាប់ខ្លួន តាមក្រោយប៉ុន្ដែគ្រាប់មិនផ្ទុះ។
ខ្មាន់កាំភ្លើងជាមនុស្សមានប្រពន្ធកូនហើយ តែតាមស្រលាញ់ជនរងគ្រោះ ខណៈមុនឈានដល់ការបាញ់ប្រហារនេះ គឺឮសំឡេងឈ្លោះប្រកែកគ្នា រវាងជនបង្ក និងជនរងគ្រោះ។
លោក ហាក់ ទិត្យឬទ្ធីវង្ស អធិការនគរបាលស្រុកអូររាំង បានថ្លែងថា ខ្មាន់កាំភ្លើងនេះ ប្រើប្រាស់អាវុធម៉ាក AK 47 បាញ់ចំកណ្តាលក្បាលធ្លាយមកឆ្អឹងខ្នង គ្រាប់កាំភ្លើង បានផ្លាត ទៅត្រូវចំក្មេងស្រីម្នាក់ទៀតបណ្តាលឲ្យរងរបួស ដែលត្រូវជាកូនស្រីរបស់ជនរងគ្រោះ។
ខ្មាន់កាំភ្លើងក្រោយបាញ់សម្លាប់ជនរងគ្រោះ បានព្យាយាមបាញ់សម្លាប់ខ្លួនតាមក្រោយ តែគ្រាប់មិនផ្ទុះ។
ហើយរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ ប៉ុន្ដែត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនវិញ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤នេះ។
បច្ចុប្បន្នៈ កម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕