(ភ្នំពេញ)៖ ថ្លែងក្នុងពិធីបិទសន្និសីទស្ដីពី អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍ នៅសាលយុត្តិតេជោ បញ្ជាការដ្ឋានកងទ័ពជើងគោក នៅព្រឹកទី២២ ខែឧសភា ឆ្នាំ២០២៤។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កាលពីមុន បរទេសនិយមញុះញង់ឱ្យមានរដ្ឋប្រហារ ដែលត្រូវបានគេអនុវត្តរួចហើយ នៅក្នុងឆ្នាំ១៩៧០។
រដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ ដែលបានធ្វើឱ្យប្រទេសជាតិធ្លាក់ក្នុងសង្រ្គាម និងអំពើប្រល័យពូជសាសន៍ ។
ប៉ុន្តែពេលនេះ គេនិយមប្រើប្រាស់ បដិវត្តន៍ពណ៌ ដែល ចំណុចទាំងពីរនេះ គឺជាកត្តានាំប្រទេសជាតិធ្លាក់ក្នុងភ្នក់ភ្លើងសង្រ្គាម និងអំពើប្រល័យពូជសាសន៍។
សម្តេចតេជោ បានគូសបញ្ជាក់ថា នៅកម្ពុជា ក៏មានការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌នៅឆ្នាំ២០១៣ម្តង ប៉ុន្តែត្រូវបានសម្តេចទប់ស្កាត់ទាន់ពេលវេលា តាមរយៈការរកឃើញនូវគន្លឹះនៃបដិវត្តន៍ពណ៌ គឺការធ្វើអព្យាក្រឹត្យកងកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិល។
+សម្តេចតេជោ ក្រើនរំលឹកផងដែរថា កងកម្លាំងប្រដាប់អាវុធ មិនអាចអព្យាក្រឹត្យបានឡើយរវាងរាជរដ្ឋាភិបាល និងគណបក្សនយោបាយ ។
បើសិនជាមានការប៉ុនប៉ងចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ គឺកងកម្លាំងប្រដាប់អាវុធមានភារកិច្ចបង្រ្កាបទប់ស្កាត់ ដើម្បីការពារសន្តិភាព និងសេចក្តីសុខរបស់ប្រជាពលរដ្ឋកម្ពុជា៕