ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា៖ ប្រទេសរុស្ស៊ី បានចាប់ខ្លួនឧត្តមសេនីយ៍ម្នាក់ ពីបទ(ពុករលួយ)ក្នុងជួរកងទ័ព.!។
ដោយធ្វើឱ្យគាត់ ក្លាយជាមន្ត្រីជាន់ខ្ពស់ទីបី ដែលត្រូវប្រឈមមុខនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋពាក់ព័ន្ធ នឹងការក្លែងបន្លំក្នុងរយៈពេលមួយខែ កន្លងមកនេះ។
ទីភ្នាក់ងារព័ត៌មានរដ្ឋ TASS បានរាយការណ៍ថា៖ តុលាការយោធាបានដាក់ឧត្តមសេនីយ៍ឯក Vadim Shamarin នៅក្នុងការឃុំខ្លួនបណ្តោះអាសន្ន រហូតដល់ចុងខែកក្កដា។
ត្បិតតែមិនមានការបញ្ជាក់ច្បាស់អំពីទំហំទឹកប្រាក់ដែលលោក Shamarin ទទួលបាន ។
ប៉ុន្តែសារព័ត៌មានរុស្ស៊ី ដាក់ការសង្ស័យថា គាត់ទទួលបានប្រាក់សំណូកច្រើនមែនទែន ហើយបើរឿងនេះជាការពិត គាត់ត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ទៅ ១៥ឆ្នាំឯណោះ។
សូមបញ្ជាក់ថា ឧត្តមសេនីយ៍វ័យ៥៣ឆ្នាំរូបនេះ បានបម្រើការជាប្រធាននាយកដ្ឋានទំនាក់ទំនងរបស់ប្រទេសរុស្ស៊ី ចាប់តាំងពីឆ្នាំ២០២១មក ។
ហើយគាត់ក៏ជាអគ្គសេនាធិការរងរបស់លោក Valery Gerasimov ផងដែរ។
រម្លឹកទៅខែមេសា រុស្ស៊ី ក៏បានចាប់ខ្លួនអនុរដ្ឋមន្ត្រីការពារជាតិលោក Timur Ivanov ដោយជាប់សង្ស័យពីបទស៊ីសំណូក ផងដែរ។
គណៈកម្មាធិការស៊ើបអង្កេតសហព័ន្ធរុស្ស៊ី (SKR) ក៏មិនបញ្ចេញព័ត៌មានលម្អិតអំពីចំនួនទឹកប្រាក់ ដែលលោក Ivanov ទទួលបានដូចគ្នា ។
ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីមួយចំនួនរាយការណ៍ថា គាត់អាចទទួលសំណូកយ៉ាងហោចណាស់ក៏ ជាង១០ ០០០ដុល្លារអាមេរិក។
ពាក់ព័ន្ធករណីនេះ ធ្វើឲ្យលោក Ivanov ក្លាយជាមន្ត្រីថ្នាក់ខ្ពស់ជាងគេបំផុតរបស់រុស្ស៊ី ។
ដែលត្រូវប្រឈមមុខនឹងការចោទប្រកាន់ពីបទស៊ីសំណូក ចាប់តាំងពីជម្លោះជាមួយអ៊ុយក្រែន ផ្ទុះឡើងក្នុងខែកុម្ភៈ ឆ្នាំ២០២២៕