លោក Netanyahu ថាដំណាក់កាលប្រយុទ្ធដ៏ក្តៅគគុកប្រឆាំងហាម៉ាសជិតបញ្ចប់ហើយ តែសង្រ្គាមហ្កាហ្សានឹងនៅតែបន្ត!
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃអាទិត្យថា៖ ការប្រយុទ្ធចុងក្រោយបំផុត នៅក្នុងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ជិតនឹងរលាយបាត់ទៅហើយ។
ប៉ុន្តែសង្រ្គាមនៅហ្គាហ្សា នឹងមិនបញ្ចប់នោះទេ រហូតទាល់តែក្រុមហាម៉ាស់ លែងមានសមត្ថភាពគ្រប់គ្រង តំបន់ហ្គាហ្សា..!។
នៅក្នុងបទសម្ភាសន៍ ជាមួយប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល ជាលើកដំបូង ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំមុនមក លោក Netanyahu ក៏បានបង្ហើបដែរថា កងទ័ពអ៊ីស្រាអែល បានដាក់ពង្រាយទៅកាន់តំបន់ព្រំដែនភាគខាងជើង ជាប់ជាមួយលីបង់ ក្នុងពេលឆាប់ៗ ប៉ុន្តែដើម្បីការពារខ្លួន តែប៉ុណ្ណោះ។
លោក Netanyahu បានគូសបញ្ជាក់ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អ៊ីស្រាអែល Channel 14 ដូច្នេះថា «ដំណាក់កាលប្រយុទ្ធដ៏ខ្លាំងក្លាប្រឆាំងនឹងក្រុមហាម៉ាស ជិតបិទបញ្ចប់ហើយ។
តែវាមិន មែនមានន័យថាសង្រ្គាមនឹងត្រូវបិទបញ្ចប់ដែរនោះទេ ពោលគឺសង្រ្គាមនៅក្នុងដំណាក់កាលប្រយុទ្ធដ៏ខ្លាំងក្លានៅទីក្រុង Rafah ឆ្ពោះទៅរកការបិទបញ្ចប់»។
បើតាមលោក Netanyahu នៅបន្ទាប់ពីបញ្ចប់ដំណាក់កាលប្រយុទ្ធដ៏ខ្លាំងក្លា អ៊ីស្រាអែល អាចនឹងដាក់ពង្រាយកងទ័ពទៅកាន់ព្រំដែនភាគខាងជើងជាមួយលីបង់ ។
ក្រោមបុព្វហេតុ ការពារខ្លួន និងសម្រួលដល់ប្រជាជនអ៊ីស្រាអែល ដែលភៀសខ្លួនត្រឡប់ ទៅផ្ទះរបស់ពួកគេវិញ។
បន្ថែមពីលើនេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ក៏បានអះអាងដែរថាលោកនឹង មិនចុះកិច្ចព្រមព្រៀងណាមួយ ។
ដែលចែងពីការបិទបញ្ចប់សង្រ្គាមហ្កាហ្សានោះទេ តែអាចនឹងយល់ព្រមលើចំណុចខ្លះនៃកិច្ចព្រមព្រៀង ដែលសម្រួលដល់ការដោះលែង ចំណាប់ខ្មាំងមួយចំនួន ទោះជាមិនទាំងអស់ក៏ដោយ។
គោលដៅ នោះគឺការនាំចំណាប់ខ្មាំងត្រឡប់មកផ្ទះវិញ ហើយកម្ទេចរបបដឹកនាំរបស់ក្រុមហាម៉ាស ក្នុងតំបន់ហ្កាហ្សា»។
នេះជាការបញ្ជាក់បន្ថែមរបស់លោក Netanyahu។
គួរបញ្ជាក់ថា ការអត្ថាធិប្បាយខាងលើរបស់លោក Netanyahu ធ្វើឡើងចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើង ពីលទ្ធភាពនៃការផ្ទុះសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុម Hezbollah ក្រោយមានសេចក្ដីរាយការណ៍ថាយោធាអ៊ីស្រាអែល បានអនុម័តហើយលើផែនការវាយលុកលើលីបង់៕