ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ប្រទេសចិន បានរាយការណ៍ថា បក្សកុម្មុយនិស្ត បានសម្រេចបណ្តេញអតីតរដ្ឋមន្ត្រីការពារជាតិ២រូប។
ពាក់ព័ន្ធនិងការ ទាញយកផលប្រយោជន៍ ពីមុខតំណែង។
ទីភ្នាក់ងារសារព័ត៌មាន Xinhua បានឲ្យដឹងថា ថ្នាក់ដឹកនាំគណបក្សបានធ្វើការសម្រេចចិត្តទាក់ទងនឹងអតីតរដ្ឋមន្ត្រីការពារជាតិលោក Li Shangfu និងអ្នកស្នងតំណែងមុនរបស់គាត់ គឺលោក Wei Fenghe កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
គេហទំព័រនេះផ្សាយថា ស្ថាប័នត្រួតពិនិត្យ និងវិន័យរបស់គណៈកម្មាធិការយោធាមជ្ឈិមបានបើកការស៊ើបអង្កេតលើលោក Li និងលោក Wei កាលពីឆ្នាំមុន។ សារព័ត៌មាន ស៊ីនហួរនិយាយថា ការស៊ើបអង្កេតបានរកឃើញថា បុរសទាំងពីរនាក់បានទាញយកផលប្រយោជន៍ ពីមុខតំណែងរបស់ពួកគេ ។
ដើម្បីស្វែងរកផលប្រយោជន៍សម្រាប់អ្នកដទៃ និងទទួលយកប្រាក់ និងវត្ថុមានតម្លៃយ៉ាងច្រើនថែមទៀត។
សារព័ត៌មាន ស៊ីនហួររាយការណ៍បន្តថា ការិយាល័យនយោបាយរបស់គណបក្សបានសម្រេចផ្ទេរសំណុំរឿងឧក្រិដ្ឋកម្មដែលសង្ស័យទៅស្ថាប័នពាក់ព័ន្ធក្នុងជួរយោធា ដើម្បីពិនិត្យ និងកាត់ទោស។
សារព័តត៌មាន ដដែលបន្ថែមថា សកម្មភាពរបស់ពួកគេបាននាំមកនូវការខូចខាតយ៉ាងសម្បើមដល់ការអភិវឌ្ឍន៍លើវិស័យការពារជាតិ និងកងកម្លាំងប្រដាប់អាវុធ។
ប៉ុន្តែមិនមានព័ត៌មានលម្អិតត្រូវបានគេផ្តល់ឲ្យពាក់ព័ន្ធករណីនេះទេ។
កាលពីខែធ្នូឆ្នាំមុន ប្រទេសចិនបានដកមន្ត្រីយោធាជាន់ខ្ពស់ប្រាំបួននាក់ចេញពីស្ថាប័ននីតិប្បញ្ញត្តិកំពូលរបស់ខ្លួន គឺសភាប្រជាជនជាតិ។ ក្នុងខែដដែលនេះ នាយកប្រតិបត្តិជាន់ខ្ពស់បីនាក់នៃក្រុមហ៊ុនដែលពាក់ព័ន្ធនឹងយោធាដែលគ្រប់គ្រងដោយរដ្ឋក៏ត្រូវបានបណ្តេញចេញពីស្ថាប័នប្រឹក្សាកំពូលមួយផងដែរ គឺសន្និសីទប្រឹក្សានយោបាយប្រជាជនចិន។
ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច និងហុងកុងមួយចំនួនបានរាយការណ៍នៅពេលនោះថា ការបណ្តេញចេញអាចពាក់ព័ន្ធនឹងការស៊ើបអង្កេតអំពើពុករលួយក្នុងលទ្ធកម្មដោយកងកម្លាំងរ៉ុក្កែតរបស់យោធា ដែលគ្រប់គ្រងឃ្លាំងអាវុធនុយក្លេអ៊ែរ និងមីស៊ីល។
ប្រធានាធិបតីចិនលោក Xi Jinping បានប្រើកិច្ចប្រជុំយោធាកាលពីសប្តាហ៍មុនដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់លោកក្នុងការបន្តការបង្ក្រាបយ៉ាងហ្មត់ចត់លើអំពើពុករលួយ៕