(ភ្នំពេញ)៖ នៅរាត្រីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ។
បានអញ្ជើញដង្ហែ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីលៀងសាយភោជន៍ ជូនឯកឧត្តម តូ ឡឹម (TO Lam)ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅព្រះបរមរាជវាំង ក្នុងឱកាសដែលឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជារយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤។
ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម តូ ឡឹម ប្រធានរដ្ឋវៀតណាមមកកាន់កម្ពុជា គឺតបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជិតសិ្នទ្ធរវាងប្រទេសទាំងពីរ ក្នុងក្របខណ្ឌប្រទេសជិតខាងល្អ។
ក្នុងអំឡុងពេលនៃទស្សនកិច្ចនេះ ឯកឧត្តម តូ ឡឹម បានចូលក្រាបបង្គំគាល់ និងព្រះរាជសវនាការដាច់ដោយឡែកជាមួយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅព្រះបរមរាជវាំង។
ឯកឧត្តមប្រធានរដ្ឋ បានអញ្ជើញជួបជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ ជំនួបទាំងនេះ ត្រូវបានរំពឹងថានឹងគ្របដណ្តប់លើកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដោយផ្អែកលើស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បីផលប្រយោជន៍នៃប្រជាជនទាំងពីរ។
មុនជំនួបជាមួយថ្នាក់ដឹកនាំកំពូលៗកម្ពុជា ឯកឧត្តមប្រធានរដ្ឋវៀតណាម នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ នៅមណ្ឌបព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ អតីត ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងនៅមណ្ឌបមិត្តភាព កម្ពុជា-វៀតណាម៕