(ភ្នំពេញ)៖ ម៉ាករថយន្តលំដាប់សកលលោក ឡិចស៊ីស (Lexus) បានបើកសម្ពោធអគារតាំងបង្ហាញរថយន្ត (Show room) ជាផ្លូវការ នៅកណ្ដាលរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា ។
ដែលជាប្រទេសទី៨នៅតំបន់អាស៊ី ជាមួយនឹងការប្ដេជ្ញាចិត្ត បំពេញគ្រប់តម្រូវការរបស់អតិថិជន។
ពិធីបើកសម្ពោធនេះធ្វើឡើងនារសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ នៅទីតាំងបង្ហាញរថយន្តរបស់ឡិចស៊ីសតែម្ដង ដែលស្ថិតនៅតាមបណ្ដោយផ្លូវសម្ដេចតេជោ ហ៊ុន សែន(ផ្លូវ៦០ម៉ែត្រ) ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រោមការចូលរួមពីលោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ លោក Preston Tan នាយកប្រតិបត្តិនៃឡិចស៊ីសប្រចាំតំបន់អាស៊ី លោកឧកញ៉ា គង់ នួន ប្រធានក្រុមប្រឹក្សាភិបាលលិចស៉ឺសខេមបូឌា និងវត្តមានរបស់ក្រុមអ្នកសារព័ត៌មាន និងភ្ញៀវកិត្តិយសជាច្រើនរូបដែលទទួលបានការអញ្ជើញជាពិសេស។
អគារតាំងបង្ហាញរថយន្តផ្លូវការមួយនេះ ប្រៀបបានជាសមិទ្ធផលសំខាន់មួយរបស់ឡិចស៊ីស ក្នុងការពង្រីកខ្លួនក្នុងតំបន់អាស៊ីបន្ថែមពីលើទីផ្សារជាង៩០លើទូទាំងសកលលោក…!។
អគារតាំងបង្ហាញរថយន្តនេះ សាងសង់ឡើង ដោយផ្ដោតសំខាន់លើការផ្ដល់នូវបទពិសោធន៍ប្រកបដោយភាពច្នៃប្រឌិត និងលេចធ្លោដល់អតិថិជនកម្ពុជា ហើយវត្តមានរបស់វាគឺជាការផ្ដល់ទំនុកចិត្តលើការប្ដេជ្ញារបស់ឡិចស៊ីសចំពោះទីផ្សារកម្ពុជា។
ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប ជាមួយរចនាបថសហសម័យ លាយបញ្ចូលនឹងរចនាបថដែលបំផុសគំនិតចេញពីវប្បធម៌ កម្ពុជា។ អគារតាំងបង្ហាញរថយន្តនេះត្រូវបានចាត់ទុកថាជាសំណង់ស្ថាបត្យកម្មដ៏ល្អឯក ដែលអាចនឹងផ្ដល់ជូននូវអារម្មណ៍រំភើប ដល់អ្នកស្នេហារថយន្តទាំងឡាយ។
ជាការឆ្លុះបញ្ចាំងនូវពាក្យស្លោក Experience Amazing (ទទួលយកបទពិសោធន៍អស្ចារ្យ) របស់ម៉ាកឡិចស៊ីស អគារតាំងបង្ហាញរថយន្តនេះបានរៀបចំឡើងដើម្បីបង្ហាញអំពីការរចនា គំនិតច្នៃប្រឌិត រួមផ្សំនឹងការលើកកម្ពស់នៃបទពិសោធន៍ តាមរយៈចំណុចតូចៗជាច្រើនដែលបានរៀបចំឡើងយ៉ាងសម្រិតសម្រាំង។
ជាក់ស្ដែង នៅទីធ្លាខាងមុខនៃអគារតាំងបង្ហាញរថយន្តបានរចនាយកលំនាំតាមអក្សរ L នៃម៉ាកឡិចស៊ីស ។
ខណៈនៅផ្នែកខាងមុខមានដំឡើងដោយផ្ទាំងកញ្ចក់ដ៏ខ្ពស់ ដើម្បីឆ្លុះយកពន្លឺធម្មជាតិចូលមកខាងក្នុង ពេលដែលពន្លឺធម្មជាតិចាំងលើថ្មម៉ាបពណ៌សដែលបានក្រាលនៅផ្នែកខាងក្នុង កាន់តែបង្កើនសម្រស់នៃអគារតាំងបង្ហាញរថយន្តមួយនេះមួយកម្រិតទៀត។
នៅផ្នែកខាងក្នុងក៏មានតុបតែងដោយឈើប្រណិត រួមជាមួយនឹងការរំលេចនូវក្រឡាសូត្រមាសខ្មែរដែលជាវប្បធម៌ប្រពៃណីរបស់ កម្ពុជាផងដែរ។
ការរចនាដែលឆ្លុះបញ្ចាំងពីសិល្បៈវប្បធម៌ប្រពៃណីខ្មែរ បានតុបតែងលម្អគ្រប់ជ្រុងចាប់ពីកន្លែងទទួលភ្ញៀវ រហូតដល់កន្លែងបម្រើសេវាកម្មរថយន្ត តាមរយៈការដាក់តាំងនូវល្ខោនស្រមោលស្បែកធំ ដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោកនៃអង្គការយូណេស្កូ។
ចំណុចដែលកាន់តែពិសេសទៀត នៅកន្លែងអង្គុយរង់ចាំ ក៏មានរចនានូវចម្រឹងសសរបង្អួច ដែលបានយកលំនាំចេញពីចម្រឹងបង្អួចនៃប្រាសាទអង្គរវត្ត។
គួរជម្រាបថា អគារតាំងបង្ហាញរថយន្តដំបូងគេរបស់ឡិចស៊ីស មានចែកចេញជាបីទីតាំងផ្សេងគ្នា ។
ដោយទីតាំងទី១ត្រូវបានប្រើប្រាស់ជាច្រកចូល ហើយក្នុងនោះមានបង្កប់នូវបន្ទប់ទទួលរថយន្ត ជាមួយនឹងតំបន់ផ្ដល់សេវាកម្មរថយន្តដែលមានទីធ្លាធំទូលាយ មានការរួមបញ្ចូលគ្នារវាងរចនាបថទាន់សម័យជាមួយនឹងវប្បធម៌ប្រពៃណីកម្ពុជា។
ទីតាំងទី២ឯណោះវិញ ត្រូវបានប្រើប្រាស់សម្រាប់ជាសាលតាំងបង្ហាញរថយន្ត បន្ទប់ប្រឹក្សាយោបល់ និងបន្ទប់ VIP ដែលនៅទីតាំងនេះមានតុបតែងដោយថ្មម៉ាបពណ៌ស ពិដានឈើដ៏ប្រណិត ក៏ដូចជាសូត្រមាសខ្មែរផងដែរ។
ទីតាំងចុងក្រោយ ត្រូវបានប្រើប្រាស់សម្រាប់ជាតំបន់ទទួលភ្ញៀវ និងតំបន់តាំងបង្ហាញ វត្ថុអនុស្សាវរីយ៍របស់ឡិចស៊ីស។
ស្របតាមការរចនាឡើងនៃអគារតាំងបង្ហាញរថយន្តទាំងមូល ទីតាំងទី៣នេះបានច្នៃបញ្ចូលនូវវប្បធម៌ប្រពៃណីខ្មែរ ដែលមានជាសិប្បកម្មឈើ និងផ្ទាំងគំនូរខ្មែរ ជាមួយនឹងរចនាបថសម័យទំនើបនៃអគារតាំងបង្ហាញរថយន្តរថយន្តប្រណិត។
ការបង្ហាញខ្លួននៃអគារតាំងបង្ហាញរថយន្តផ្លូវការនេះ ប្រៀបបានជាសមិទ្ធផលសំខាន់មួយសម្រាប់ឡិចស៊ីស ដែលអាចឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងរបស់ឡិចស៊ីសក្នុងការផ្ដល់ជូននូវប្រណិតភាពដែលបង្កើតឡើងជាពិសេសសម្រាប់អតិថិជនកម្ពុជា ក៏ដូចជាសម្រាប់អតិថិជននៅជុំវិញពិភពលោក។
លោក Preston Tan នាយកប្រតិបត្តិនៃឡិចស៊ីស ប្រចាំនៅតំបន់អាស៊ី បានបង្ហាញអារម្មណ៍រំភើបបែបនេះថា អាស៊ីគឺជាទីផ្សារសំខាន់មួយសម្រាប់ឡិចស៊ឺស។
ក្នុងនាមជាប្រទេសទី៨នៅអាស៊ី ដែលមានអគារតាំងបង្ហាញរថយន្តឡិចស៊ឺសផ្លូវការ យើងរីករាយចំពោះអ្វីដែលយើងអាចនាំមកកាន់ទីផ្សារប្រណិតនៅកម្ពុជា។
ពួកយើងបានមើលឃើញពីឱកាស ស្របពេលដែលសេដ្ឋកិច្ចនៃប្រទេសនេះ (ប្រទេសកម្ពុជា) មានការរីកចម្រើន។
នេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ យើងនឹងនាំមកនូវផលិតផលគួរឲ្យចាប់អារម្មណ៍ និងលើកកម្ពស់បទពិសោធន៍នៅកម្ពុជានាពេលអនាគត។
ការតាំងចិត្តរបស់ឡិចស៊ឺសសម្រាប់ទីផ្សារកម្ពុជា មិនត្រឹមតែបានឆ្លុះបញ្ចាំងតាមរយៈចំណុចតូចៗក្នុងអគារតាំងបង្ហាញរថយន្តថ្មីរបស់ខ្លួននោះទេ ។
ប៉ុន្តែក៏បានសបញ្ជាក់យ៉ាងច្បាស់តាមរយៈការប្ដេជ្ញាដ៏យូរអង្វែងចំពោះអ្នកប្រើប្រាស់រថយន្តនៅកម្ពុជា។
ឧកញ៉ា គង់ នួន ប្រធានក្រុមប្រឹកប្រឹក្សាភិបាលឡិចស៊ឺសប្រចាំកម្ពុជា បានឱ្យដឹងថា យើងបានយកចិត្តទុកដាក់ជាបំផុតក្នុងការចូលរួមចំណែកក្នុងកំណើននៃសេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្ដល់ជូនផលិតផល និងសេវាកម្មប្រណិតទៅដល់អតិថិជនកម្ពុជាជំនាន់ថ្មី។ អគារតាំងបង្ហាញរថយន្តនេះ គឺជាការបោះជំហានដំបូងសម្រាប់ឡិចស៊ីសក្នុងការឆ្ពោះទៅមុខក្នុងទីផ្សារដ៏រស់រវើកមួយនេះ ហើយយើងសង្ឃឹមថាការមកដល់នៃឡិចស៊ីសនៅកម្ពុជា នឹងនាំមកនូវការផ្លាស់ប្ដូរសំខាន់នៅក្នុងសង្គម។
នៅក្នុងប្រទេសដែលពលរដ្ឋជីវភាពស្ដុកស្ដម្ភមានការកើនឡើង និងបានចូលរួមចំណែកគួរឲ្យកត់សម្គាល់ទៅក្នុងសេដ្ឋកិច្ចជាតិ ពួកយើងជឿជាក់ថា ឡិចស៊ីសគឺជាផ្នែកមួយដ៏សំខាន់ក្នុងការកែប្រែមុខមាត់ និងរបៀបរស់នៅរបស់ពួកគេ៕