(ភ្នំពេញ)៖ រថយន្តកុងតឺន័រមួយគ្រឿងតៃកុងបើកបរបំពានគន្លងផ្លូវ បានជ្រុលទៅបុក រថយន្តកុងតឺន័រមួយគ្រឿងទៀត។
បណ្តាលឱ្យធ្លាក់ទូចុះមកក្រោម និង បន្តបុកចូលរបងផ្ទះប្រជាពលរដ្ឋថែមទៀត ធ្វើឱ្យរងការខូចខាតយ៉ាងដំណំ…!។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះ បានកើតឡើងនៅវេលាម៉ោង០៩ និង២០នាទីយប់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវជាតិលេខ១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុ គេឃើញរថយន្តកុងតឺន័រមួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 4A-1733 បើកបរក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន។
លុះមកដល់កន្លែងកើតហេតុ បានបំពានចូលគន្លងបញ្ច្រាស។
ខណៈនោះដែរក៏មានរថយន្តកុងតឺន័រមួយគ្រឿងទៀត ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3E-1953 ។
ដែលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា ជ្រុលមកបុកគ្នាពីចំហៀងពេញទំហឹង ។
បណ្តាលឱ្យរថយន្តកុងតឺន័រមួយគ្រឿងបែរក្បាលត្រឡប់ក្រោយ និងរថយន្តមួយគ្រឿងទៀតធ្លាក់ទូខាងក្រោយចុះមកក្រោម ។
ចំណែកក្បាលរថយន្តបានទៅបុករបងផ្ទះប្រជាពលរដ្ឋដួលបង្កការខូចខាត តែមិនបង្ករបួសស្នាមដល់មនុស្សណាម្នាក់ឡើយ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានទំនាក់ទំនងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកដើម្បីមកវាស់វែងយករថយន្តទាំង០២គ្រឿងទៅរក្សទុក៕