(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីពិធីបញ្ចុះបឋមសិលាសាងសង់បន្ទប់ពិគ្រោះយោបល់ សម្រាប់ជនរងគ្រោះ សាលតាំងពិព័រណ៍អចិន្ត្រៃយ៍ ស្តីពីដំណើរការជំនុំជម្រះក្តី និងឧទ្យានសម្រាប់ការចងចាំ នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ទោះកាលៈទេសៈណា ក៏ដោយរាជរដ្ឋាភិបាល មិនអនុញ្ញាតឲ្យមានការកាប់សម្លាប់រង្គាលពលរដ្ឋខ្លួន ដូចកាលសម័យរបបកម្ពុជា ប្រជាធិបតេយ្យ (របបខ្មែរក្រហម) នោះឡើយ។
ក្នុងនោះ សម្តេចធិបតី ក៏បានប្រកាសជាថ្មីម្តងទៀតដែរថា សន្តិភាព នៅតែមានតម្លៃជានិច្ចសម្រាប់កម្ពុជានិងពិភពលោក។
សម្តេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នៅតែចាត់ទុកសន្តិភាពជាកត្តាសំខាន់បំផុត ដូច្នេះបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវតែរួមគ្នាថែរក្សា នូវសុខសន្តិភាពនេះឲ្យខាងតែបាន ដោយមិនត្រូវបណ្ដែតបណ្ដោយឲ្យអំពើហិង្សាណាមួយដូចសម័យ ប៉ុល ពត កើតឡើងវិញម្តងទៀតនោះទេ។
សម្តេចធិបតី ក៏បានថ្លែងកោតសរសើរ និងបានចាត់ទុកថា អ.វ.ត.ក ជាស្ថាប័នឯករាជ្យមួយ ដោយបានយកអតីតប្រមុខរដ្ឋខ្មែរ (អតីតមេដឹកនាំរបបខ្មែរក្រហម) មកធ្វើការជំនុំជម្រះ និងលាតត្រដាងឲ្យពិភពលោកបានដឹងទទួលយកការសម្រេចក្តី និងធ្វើឲ្យជនរងគ្រោះក្នុងរបបខ្មែរក្រហមអស់ចិត្ត និងទទួលបានយុត្តិធម៌ផងដែរ៕