(ភ្នំពេញ)៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានប្រាប់ក្រុមការងារផ្សព្វផ្សាយ តាមប្រព័ន្ធអ៊ីនធើណេត នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ថា៖ អ្នកសារព័ត៌មាន ដែលសរសេរព័ត៌មាន ដោយប្រាសចាកក្រមសីលធម៌និងវិជ្ជាជីវៈ សារព័ត៌មាន ដោយដើរតួនាទីជំនួសឱ្យអាជ្ញាធរមានសមត្ថកិច្ច ឬជំនួសតុលាការ បានរងការចោទប្រកាន់ទោសជាបន្តបន្ទាប់។
ទាក់ទងបញ្ហានេះលោក ទេព អស្នារិទ្ធបានបង្ហាញថា សម្រាប់ឆមាសទី១ ឆ្នាំ២០២៤នេះ អ្នកសារព័ត៌មាន ។
ដែលបានប្រព្រឹត្តកំហុសវិជ្ជាជីវៈ ហើយព្រមទទួលស្គាល់កំហុសនោះ មានចំនួនសរុប ៦ករណី ដោយធ្វើការសុំទោសជាផ្លូវការ និងព្រមកែប្រែធ្វើឱ្យប្រសើរឡើងតាមក្រមសីលធម៌។
សកម្មភាពនេះគឺជាទង្វើត្រឹមត្រូវ ក្នុងការអនុវត្តតួនាទី និងភារកិច្ចជាអ្នកសារព័ត៌មានដែលគោរពវិជ្ជាជីវៈខ្លួន។
ទន្ទឹមនេះ អ្នកនាំពាក្យក្រសួងព័ត៌មាន បង្ហាញថា ស្ថាប័ននេះបានធ្វើសកម្មភាពផ្តល់ការគាំពារ និងការការពារផ្នែកផ្លូវច្បាប់ដល់អ្នកសារព័ត៌មានដែលបានចុះបញ្ជីត្រឹមត្រូវ។
អ្នកសារព័ត៌មានដែលបាន ចុះបញ្ជី ហើយបានជួបប្រទះនឹងបញ្ហា ឬវិវាទនានាក្នុងអំឡុងពេលបំពេញការងាររបស់ខ្លួន ដោយគោរពតាមក្រម សីលធម៌វិជ្ជាជីវៈត្រឹមត្រូវ និងអនុវត្តតួនាទីក្នុងក្របខណ្ឌច្បាប់កំណត់ ក្រសួងទទួលពិនិត្យសំណើលើករណីវិវាទទាំង នោះដើម្បីផ្តល់ការការពារ តាមរយៈការសម្របសម្រួល ការប្រឹក្សាផ្នែកច្បាប់ដើម្បីស្វែងរកដំណោះស្រាយ និងតាមរយៈការផ្តល់មេធាវីសម្រាប់ការពារក្តីក្នុងតុលាការជូនអ្នកសារព័ត៌មានទាំងនោះផងដែរ។
ជាក់ស្តែង ក្នុងឆមាសទី១ ឆ្នាំ ២០២៤ ក្រសួងព័ត៌មានបានសម្របសម្រួលវិវាទ និងបញ្ហានានារបស់អ្នកសារព័ត៌មានសរុបចំនួន ២០ករណី និងកំពុងដំណើរការផ្តល់មេធាវីការពារក្តីក្នុងតុលាការសម្រាប់ករណីវិវាទមួយចំនួនទៀតផង។
ក្នុងឆ្នាំ២០២៣ ក្រសួងព័ត៌មានបានដោះស្រាយវិវាទរបស់អ្នកសារព័ត៌មាន សរុបចំនួន ៤៣លើក និងបានផ្តល់ជំនួយប្រឹក្សាផ្នែក ច្បាប់ដល់អង្គភាពសារព័ត៌មានចំនួន ៥០លើក។
ក្នុងឆ្នាំ២០២៣ដដែល ក្រសួងក៏បានផ្តល់មេធាវីការពារក្តីហើយទទួលបានជោគជ័យសរុបចំនួន ១១ ករណីផងដែរ។
ការលើកឡើងខាងលើនេះ គឺជាការឆ្លើយតបចំពោះសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថាកាំបូចា ដែលបានចេញរបាយការណ៍ប្រចាំត្រីមាស ។
ហើយបានលើកអំពីបញ្ហាជាច្រើនរបស់អ្នកសារព័ត៌មាន ព្រមទាំងស្នើអោយរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធគួរតែលើកកម្ពស់សេរីភាពសារព័ត៌មាន និងការគោរពកាតព្វកិច្ចវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន ដូចជាភាពឯកជននៃប្រភព ក៏ដូចជាការបង្ហាញការប្តេជ្ញាចិត្តក្នុងការបញ្ចប់ការយាយីចំពោះអ្នកសារព័ត៌មាន។
យ៉ាងណាក៏ដោយ បន្ទាប់ពីបានឆ្លើយតបចំពោះរបាយការណ៍ខាងលើហើយ អ្នកនាំពាក្យក្រសួងព័ត៌មានក៏បានថ្លែងអំណរគុណចំពោះការប្រមូលព័ត៌មានទុកអំពីហេតុការណ៍ដែលកើតមានឡើងពាក់ព័ន្ធនឹងការ បំពេញការងាររបស់អ្នកសារព័ត៌មានយើង ដែលសមាគមសារព័ត៌មានកាំបូចាបានចេញផ្សាយនេះ។
របាយការណ៍នេះបានចូលរួមផ្តល់ព័ត៌មានជាទូទៅមួយ និងអាចផ្តល់ជាធាតុចូលសម្រាប់ការតាមដាន ស៊ើបអង្កេតបន្ថែមទៀតលើហេតុការណ៍ទាំងនោះ ។
ដែលបើអនុលោមតាមក្របខណ្ឌច្បាប់ គេចាំបាច់ត្រូវពិនិត្យឲ្យបានស៊ីជម្រៅ ដើម្បីធានាថា ករណីនីមួយៗ ។
មានធាតុចូលគ្រប់គ្រាន់ទាំងអង្គហេតុនិងអង្គច្បាប់ ហើយអាចឈានទៅក្លាយជាបច្ច័យដល់ការសន្និដ្ឋាន និង ដំណោះស្រាយណាមួយ។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងព័ត៌មានបានលើកទឹកចិត្តដល់សមាគម និងអង្គភាពដទៃទៀត ក្នុងករណីប្រមូលបានព័ត៌មានស្តីពីហេតុការណ៍ទាក់ទងនឹងសកម្មភាពរបស់អ្នកសារព័ត៌មាន សូមមេត្តាផ្តល់ព័ត៌មានដល់ក្រសួង-ស្ថាប័នសមត្ថកិច្ច និងសូមស្វែងរកការសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ជាពិសេសមន្ត្រីមានសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ដែលហេតុការណ៍ត្រូវបានកត់ត្រាទុកនេះបានកើតឡើង ក្នុងគោលបំណងផ្តល់និងផ្ទៀងផ្ទាត់ព័ត៌មាន ។
ដើម្បីធានា សុក្រឹតភាព និងព័ត៌មានគ្រប់ជ្រុងជ្រោយ អាចទទួលយកបានពីអ្នកពាក់ព័ន្ធទាំងអស់ ក៏ដូចជាក្នុងក្របខណ្ឌលើក កម្ពស់កិច្ចសហការដោយវិជ្ជាជីវៈ និងភាពស្មោះត្រង់ ក្នុងដំណើរការនៃការស៊ើបអង្កេត និងនីតិវិធីពាក់ព័ន្ធទាំងឡាយ៕