យោងតាមរបាយការណ៍ បានឲ្យដឹងថា បុរសម្នាក់មកពីរដ្ឋ Florida សហរដ្ឋអាមេរិក ត្រូវបានចាប់ខ្លួន។ បន្ទាប់ពីគំរាមកំហែង ទៅលើលោកប្រធានាធិបតី ចូ បៃដិន។
ក្រោយអតីតប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ រួចផុតការពីការប៉ុនប៉ងធ្វើឃាត…..!។
បុរសខាងលើមានឈ្មោះ Jason Patrick Alday មានអាយុ៣៩ឆ្នាំ ត្រូវចាប់ខ្លួនកាលពីថ្ងៃចន្ទ ដើមសប្ដាហ៍កន្លងទៅ។
នេះបើតាមការិយាល័យរដ្ឋអាជ្ញាក្នុងរដ្ឋ Florida ការិយាល័យនេះដដែលបានឱ្យដឹងទៀតថាជនឈ្មោះ Alday មកពីទីក្រុង Quincy រដ្ឋ Florida ត្រូវបានចោទប្រកាន់ថាបានចូលរួមក្នុងសកម្មភាពបញ្ជូនសារគំរាមកំហែង ប្រឆាំងលោកប្រធានាធិបតី ចូ បៃដិន រួមទាំងមន្ត្រីសហព័ន្ធដទៃទៀត។
Alday បានធ្វើការគំរាមកំហែងពីលោក បៃដិន អំឡុងរូបគេកំពុងត្រួតពិនិត្យសុខភាព នៅឯ មន្ទីរពេទ្យផ្លូវចិត្តមួយក្នុងទីក្រុង Tallahassee រដ្ឋ Florida កាលពីខែមុន។
បន្ទាប់មកទៀត ទើបរូបគេបង្ហោះសារគំរាម នៅលើបណ្ដាញទំនាក់ទំនងសង្គម X ហើយបច្ចុប្បន្ន ជននេះត្រូវបានឃុំខ្លួនដើម្បីរង់ចាំសវនាការ។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ មានអាយុ ៧៨ឆ្នាំ បានរងរបួសស្រាលត្រង់សឹ្លកត្រចៀក អំឡុងរងការបាញ់ប្រហារមួយក្នុងពេលកំពុងថ្លែងសារ នៅឯយុទ្ធនាការឃោសនា បោះឆ្នោតក្នុងទីក្រុង Butler រដ្ឋ Pennsylvania កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។
ក្នុងឧបទ្ទវហេតុនេះ មានមនុស្សបានស្លាប់ រីឯខ្មាន់កាំភ្លើងឈ្មោះ Thomas Matthew Crooks មានអាយុ២០ឆ្នាំ ត្រូវបានបាញ់សម្លាប់នៅកន្លែង ដោយក្រុមអ្នកលបបាញ់នៃកងការពារ Secret Service។
ការប៉ុនប៉ងធ្វើឃាតនេះបានបង្កឱ្យមានការព្រួយបារម្ភរឹតតែខ្លាំងពីការបាក់បែកនយោបាយ និងហានិភ័យនៃការកើនឡើងអំពើហិង្សានយោបាយ ខណៈសហរដ្ឋអាមេរិក នឹងត្រូវរៀបចំការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកាខាងមុខ៕