គណបក្សកុម្មុយនិស្ត នៃប្រទេសវៀតណាម បានប្រកាសថា អគ្គលេខាធិការបក្សលោក Nguyen Phu Trong បានទទួលមរណភាពហើយ នៅអាយុ៨០ឆ្នាំ ដោយសាររោគាពាធ..!។
ដំណឹងមរណភាពខាងលើ ធ្វើឡើង បន្ទាប់ពីបក្សកុម្មុយនិស្តវៀតណាម បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា លោក To Lam ប្រធានាធិបតីវៀតណាម ត្រូវបានផ្តល់តួនាទីឱ្យឡើងជាមេដឹកនាំស្តីទី។
ដើម្បីទទួលបន្ទុកដឹកនាំកិច្ចការងាររដ្ឋទាំងឡាយ ជាបណ្តោះអាសន្ន ស្របពេលដែលលោក Trong សម្រាកពីការងារមួយរយៈ ដើម្បីផ្តោតលើការពិនិត្យតាមដាន និងព្យាបាលជំងឺ។
នៅក្នុងប្រទេសវៀតណាម អគ្គលេខាធិការបក្សកុម្មុយនិស្ត គឺជាតំណែងដែលមានអំណាចជាងគេបង្អស់ ។
ខណៈតំណែងប្រធានាធិបតី មិនសូវជាមានឥទ្ធិពលនោះទេ។
រីឯតំណែងពីរផ្សេងទៀត ដែលស្ថិតក្នុងសសរស្តម្ភទាំង៤ នៃរចនាសម្ព័ន្ធថ្នាក់ដឹកនាំរបស់វៀតណាម គឺនាយករដ្ឋមន្រ្តី និងប្រធានរដ្ឋសភា។
គួរបញ្ជាក់ថា៖ លោក Trong បានកាន់តំណែងជាអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម ចាប់តាំងតែពីឆ្នាំ២០១១មក ហើយលោកក៏ធ្លាប់កាន់តួនាទីជា ប្រធានាធិបតីផងដែរ កាលពីចន្លោះឆ្នាំ២០១៨-២០២១។
អាយុកាន់តែច្រើន បូករួមទាំងសុខភាពធ្លាក់ទ្រុឌទ្រោមខ្លាំង របស់លោក Trong បានបង្កឱ្យមានការសង្ស័យជាយូរមកហើយថា រូបលោកប្រហែលជា មិនអាចនៅបន្តកាន់អំណាចរហូតដល់ សមាជបក្សឆ្នាំ២០២៦ឡើយ៕