ក្រុមឧទ្ទាម Houthi យេម៉ែន កាលពីថ្ងៃសៅរ៍ បានប្តេជ្ញាឆ្លើយតបទៅ នឹងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើកំពង់ផែក្នុងប្រទេសយេម៉ែន។
លោក Mohammed Abulsalam អ្នកនាំពាក្យក្រុម Houthi បាននិយាយនៅក្នុងសារបង្ហោះនៅលើ X.ថា ការឈ្លានពានដ៏ឃោរឃៅរបស់អ៊ីស្រាអែល នឹងបង្កើនការប្តេជ្ញាចិត្ត និងស្ថិរភាពរបស់ប្រជាជនយេម៉ែន និងកងកម្លាំងប្រដាប់អាវុធដ៏ក្លាហានរបស់យើង ក្នុងការគាំទ្រប៉ាឡេស្ទីន។
Mohammed al-Houthi សមាជិកក្រុមប្រឹក្សានយោបាយនៃក្រុមនេះ បានគំរាមទៅកាន់អ៊ីស្រាអែលផងដែរ។
នៅព្រឹកថ្ងៃដដែល ប៉ុស្តិ៍ Al-Masirah ដែលមានសម្ព័ន្ធភាពជាមួយក្រុម Houthi បានរាយការណ៍ ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅលើកំពង់ផែ Al Hudaydah ។
ការវាយប្រហារបានផ្តោតគោលដៅលើកន្លែងស្តុកប្រេង នៅកំពង់ផែ Al Hudaydah ក៏ដូចជាស្ថានីយថាមពលនៅក្នុងអភិបាលខេត្ត។
យោធាអ៊ីស្រាអែល នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយ បានបញ្ជាក់ពីការវាយលុក ទៅលើគោលដៅនៅ Al Hudaydah ក្នុងប្រទេសយេម៉ែន ដោយអះអាងថា ពួកគេមានទំនាក់ទំនងជាមួយក្រុម Houthi។
នេះជាការឆ្លើយតប ដោយផ្ទាល់ជាលើកដំបូងរបស់អ៊ីស្រាអែលចំពោះការវាយប្រហាររបស់ Houthi នាពេលថ្មីៗនេះ។
ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានកើតឡើងបន្ទាប់ពីការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើកដោយក្រុម Houthi លើទីក្រុង Tel Aviv កាលពីព្រឹកថ្ងៃសុក្រ ។
ដែលបណ្តាលឱ្យជនជាតិអ៊ីស្រាអែលម្នាក់ស្លាប់ និងប្រាំបួននាក់ផ្សេងទៀតរងរបួស។
ក្រុម Houthis បាននិងកំពុងកំណត់គោលដៅលើនាវាដែលជាកម្មសិទ្ធិរបស់អ៊ីស្រាអែល ទង់ជាតិ ប្រតិបត្តិការ ឬធ្វើដំណើរទៅកាន់កំពង់ផែអ៊ីស្រាអែលក្នុងសមុទ្រក្រហម និងឈូងសមុទ្រ Aden ជាមួយនឹងមីស៊ីល និងយន្តហោះគ្មានមនុស្សបើកក្នុងសាមគ្គីភាពជាមួយ Gaza ដែលស្ថិតនៅក្រោមការវាយលុកដ៏បំផ្លិចបំផ្លាញរបស់អ៊ីស្រាអែល ចាប់តាំងពីខែតុលាឆ្នាំមុន៕