ប្រជាជនអ៊ីស្រាអែល រាប់រយនាក់ កាលពីថ្ងៃព្រហស្បតិ៍ទី១ ខែសីហា
បានចេញធ្វើបាតុកម្ម ក្នុងទីក្រុង Tel Aviv ដោយស្រែកពាក្យស្លោក និងគ្រវីទង់ជាតិ ដើម្បីទាមទារឱ្យមានវិលការដោះលែងចំណាប់ខ្មាំង ដែលរងការឃុំខ្លួន នៅតំបន់ហ្កាហ្សា អស់រយៈពេល៣០០ថ្ងៃ។
អ្នកឆ្លើយឆ្លងព័ត៌មាន AFP បានរាយការណ៍ថា ក្រុមបាតុករស្រែកថា គ្មានជ័យជម្នះទេ លុះត្រាតែចំណាប់ខ្មាំងវិលត្រឡប់មកវិញ។ ដែលក្រុមបាតុករភាគច្រើន ពាក់អាវយឺត មានសរសេរថា ៣០០ថ្ងៃ នៅជិតក្រសួងការពារជាតិ ក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់ប្រទេស។
ក្រុមយុទ្ធនាការចំណាប់ថ្នូរ និងវេទិកាគ្រួសារអ្នកបាត់ខ្លួន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ មុនពេលប្រមូលផ្តុំគ្នាថា ខណៈយើងឈរនៅទីនេះ ថ្ងៃនេះ មនុស្សរាប់សិបនាក់នៅតែជាប់ឃុំឃាំងដោយស៊ូទ្រាំទៅនឹងការឈឺចាប់ដែលមិនអាចនឹកស្មានដល់។
វេទិកានេះ បានអំពាវនាវឱ្យរដ្ឋាភិបាលស្តាំនិយមរបស់នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu ចុះហត្ថលេខាលើកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលនឹងនាំយកចំណាប់ថ្នូរត្រឡប់មកលំនៅឋានវិញ។
កិច្ចព្រមព្រៀងនេះ បង្ហាញផ្លូវដែលអាចសម្រេចបានតែមួយគត់ដើម្បីធានាបានការដោះលែងចំណាប់ថ្នូរ បញ្ចប់ជម្លោះនាពេលបច្ចុប្បន្ន និងផ្តួចផ្តើមដំណើរការកសាងឡើងវិញនៅក្នុងតំបន់។
ទន្ទឹមនឹងនេះ សមាជិកគ្រួសារចំណាប់ខ្មាំង និងក្រុមបាតុករ បានប្រមូលផ្តុំគ្នានៅទីក្រុង Tel Aviv ដើម្បីប្រារព្ធខួប៣០០ថ្ងៃចាប់តាំងពីការវាយប្រហារថ្ងៃទី៧ ខែតុលា ទៅលើអ៊ីស្រាអែល ភាគខាងត្បូង ដែលបានបង្កឱ្យមានសង្រ្គាមនៅក្នុងតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីន។
ក្រុមបាតុករ បានបង្កើតស្លាកសញ្ញាដុតភ្លើងលេខ ៣០០ និងបង្ហោះគោម ទៅលើអាកាស៕