ប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហាម៉ាស់បានរាយការណ៍កាលពីថ្ងៃសៅរ៍ (ទី៣ ខែសីហា)ថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល លើរថយន្ត នៅតំបន់កាន់កាប់ West Bank បណ្ដាលឲ្យមេបញ្ជាការក្រុមហាម៉ាស់ម្នាក់បាត់បង់ជីវិត.!។
ខណៈមនុស្ស ៤នាក់ផ្សេងទៀត ក៏ត្រូវបានស្លាប់ផងដែរ…!។
សារព័ត៌មាន Wafa បានផ្សព្វផ្សាយថា អត្តសញ្ញាណរបស់អ្នកស្លាប់ផ្សេងទៀត នៅមិនទាន់ដឹងច្បាស់ទេ។
ចំណែកយោធាអ៊ីស្រាអែល បានប្រាប់ថា ខ្លួនបានធ្វើការវាយប្រហារតាមអាកាសប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធមួយ នៅជុំវិញក្រុង Tulkarm របស់តំបន់ West Bank។
ហើយសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្រុមហាម៉ាស បានឲ្យដឹងថា រថយន្តដឹកយុទ្ធជនត្រូវបានវាយប្រហារ ហើយមេបញ្ជាការម្នាក់នៃកងពលតូច Tulkarm ត្រូវបានសម្លាប់។
-អំពើហិង្សានៅតំបន់ West Bank បានកើនឡើង សូម្បីតែមុនពេលសង្រ្គាមអ៊ីស្រាអែល-ហាម៉ាស នៅតំបន់ហ្កាហ្សា បានចាប់ផ្តើមនៅថ្ងៃទី៧ ខែតុលា ហើយបានមានសភាពកាន់តែខ្លាំងឡើងៗ ចាប់តាំងពីពេលនោះមក ដោយមានការវាយឆ្មក់ពីអ៊ីស្រាអែលជាញឹកញាប់ នៅក្នុងដែនដីនេះ។
ហើយអ្វីដែលសំខាន់នោះ គឺថា ភាពតានតឹងទូទាំងតំបន់ បានកើនឡើងខ្លាំងបន្ថែមទៀត ក្នុងសប្តាហ៍នេះ បន្ទាប់ពីមានការធ្វើឃាតលើមេដឹកនាំក្រុមហាម៉ាស់ លោក Ismail Haniyeh ក្នុងទីក្រុងទេអេរ៉ង់ ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី៣១ ខែកក្កដា ។
ពោលគឺ មានរយៈពេលមួយថ្ងៃបន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល នៅទីក្រុង Beirut ប្រទេសលីបង់ បានសម្លាប់មេបញ្ជាការយោធាជាន់ខ្ពស់ របស់ក្រុមហេសបូឡា៕