យ៉ាងហោចណាស់ ជនជាតិប៉ាឡេស្ទីន១៤នាក់ ត្រូវបានសម្លាប់ ក្នុងនោះស្ត្រី៤នាក់ និងកុមារ៤នាក់…!។
ខណៈមនុស្សរាប់សិបនាក់ផ្សេងទៀត បានរងរបួស ។
ដោយសារកងទ័ពអ៊ីស្រាអែល បន្តការវាយលុកលើជនជាតិប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាស្ទ្រីប ដោយផ្តោតលើជំរុំ Khan Younis និង Nuseirat ជាមួយនឹងការវាយប្រហារតាមអាកាស កាលពីព្រឹកថ្ងៃសៅរ៍(ទី២៤ខែសីហា)។
ទីភ្នាក់ងារព័ត៌មានប៉ាឡេស្ទីន Wafa ជនជាតិប៉ាឡេស្ទីន១១នាក់បានស្លាប់ និង១៥នាក់ផ្សេងទៀតបានរងរបួស ។
នៅពេលដែលយន្តហោះចម្បាំងរបស់អ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើផ្ទះមួយខ្នង ក្នុងសង្កាត់ Al-Amal ភាគខាងលិចទីក្រុង Khan Younis ភាគខាងត្បូង Gaza Strip។
ទីភ្នាក់ងារសារព័ត៌មាន បាននិយាយថា ជនជាតិប៉ាឡេស្ទីន៣នាក់ ទៀតត្រូវបានសម្លាប់ និងជាច្រើននាក់ទៀតបានរងរបួស នៅក្នុងការវាយប្រហារតាមអាកាស របស់អ៊ីស្រាអែលទៅលើផ្ទះល្វែងលំនៅដ្ឋានមួយនៅក្នុងអគារ Ayn Jalut Towers ក្នុងជំរុំ Nuseirat កណ្តាលហ្គាហ្សា។
អ៊ីស្រាអែល បន្តការវាយលុកដ៏ឃោរឃៅរបស់ខ្លួន លើតំបន់ហ្គាហ្សាស្ទ្រីប បន្ទាប់ពីការវាយប្រហារដោយក្រុមហាម៉ាស់ប៉ាឡេស្ទីនកាលពីថ្ងៃទី 7 ខែតុលា បើទោះបីជាមានដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអំពាវនាវ ឱ្យមានការឈប់បាញ់ជាបន្ទាន់ក៏ដោយ។
យោងតាមអាជ្ញាធរសុខាភិបាល ក្នុងតំបន់បានឱ្យដឹងថា ការវាយលុកនេះបានបណ្តាលឱ្យ មនុស្សជាង 40,200 នាក់បានស្លាប់ ជាជនជាតិប៉ាឡេស្ទីន ដែលភាគច្រើនជាស្ត្រី និងកុមារ និងជាង 93,000 នាក់រងរបួស។
នៅតំបន់ហ្គាហ្សា មានការខ្វះខាតស្បៀងអាហារ ទឹកស្អាត និងថ្នាំពេទ្យយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឲ្យតំបន់ជាច្រើនរងការបំផ្លិចបំផ្លាញ។
អ៊ីស្រាអែល ប្រឈមមុខនឹងការចោទប្រកាន់ពីបទប្រល័យពូជសាសន៍នៅតុលាការយុត្តិធម៌អន្តរជាតិ ដែលបានបញ្ជាឱ្យបញ្ឈប់ប្រតិបត្តិការយោធានៅទីក្រុង Rafah ភាគខាងត្បូង ជាកន្លែងដែលប្រជាជនប៉ាឡេស្ទីន ជាងមួយលាននាក់បានស្វែងរកកន្លែងជ្រកកោន៕