រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi កាលពីថ្ងៃសុក្រ(ទី២៣ខែសីហា) បានជូនដំណឹងដល់ប្រទេសបារាំង និងអង់គ្លេសថា អ៊ីរ៉ង់ មិនចង់ពង្រីកសង្រ្គាម នៅក្នុងតំបន់នោះទេ។
ប៉ុន្តែរក្សាសិទ្ធិក្នុងការឆ្លើយតបទៅនឹង ការធ្វើឃាតរបស់អ៊ីស្រាអែល ទៅលើមេដឹកនាំក្រុមហាម៉ាស់ Ismail Haniyeh នៅក្នុងទីក្រុង Tehran ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសអ៊ីរ៉ង់ បាននិយាយថា លោក Araghchi បាននិយាយដាច់ដោយឡែក តាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសបារាំង Stephane Sejourne និងរដ្ឋមន្ត្រីការបរទេសអង់គ្លេស David Lammy ។
សេចក្តីថ្លែងការណ៍បាននិយាយថា លេខាធិការអង់គ្លេស បានពិភាក្សាជាមួយលោក Araghchi អំពីការវិវត្តនៅក្នុងតំបន់ហ្គាហ្សា និងបានជំរុញឱ្យអ៊ីរ៉ង់ ដើរតួនាទីក្នុងការបន្ធូរបន្ថយភាពតានតឹង នៅក្នុងតំបន់។
ទន្ទឹមនឹងនោះ ថ្លែងទៅកាន់លោក Sejourne រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បាននិយាយថា ប្រទេសរបស់លោកបានចាត់ទុកការធ្វើឃាត លោក Haniyeh ក្នុងទីក្រុង Tehran ថាជាការរំលោភលើអធិបតេយ្យភាព និងសន្តិសុខជាតិ របស់ប្រទេសអ៊ីរ៉ង់ ដែលមិនអាចអត់ឱនបាន។
លោកបាននិយាយថា អ៊ីរ៉ង់ រក្សាសិទ្ធិក្នុងការឆ្លើយតបទៅនឹងការធ្វើឃាតនេះ។
ភាពតានតឹងកំពុងកើនឡើងខ្ពស់ នៅមជ្ឈិមបូព៌ា បន្ទាប់ពីការធ្វើឃាតកាលពីថ្ងៃទី៣១ ខែកក្កដា លើប្រធានការិយាល័យនយោបាយរបស់ក្រុមហាម៉ាស់ Ismail Haniyeh នៅក្នុងរដ្ឋធានី Tehran របស់ប្រទេសអ៊ីរ៉ង់។
ប៉ុន្មានម៉ោងមុននេះ អ៊ីស្រាអែលបានសម្លាប់មេបញ្ជាការ Hezbollah លោក Fuad Shukr ក្នុងទីក្រុង Beirut ។
ក្រុមហាម៉ាស់ និងអ៊ីរ៉ង់ បានចោទប្រកាន់អ៊ីស្រាអែលថា បានធ្វើឃាត Haniyeh ។
ខណៈដែលទីក្រុង Tel Aviv មិនបានបញ្ជាក់ ឬបដិសេធការទទួលខុសត្រូវនោះទេ។
អ៊ីរ៉ង់បានប្តេជ្ញា ដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ទៅលើអ៊ីស្រាអែលចំពោះការសម្លាប់ Haniyeh នៅលើទឹកដីអ៊ីរ៉ង់។
ការកើនឡើងនេះ ចំពេលដែលការវាយលុករបស់អ៊ីស្រាអែល ដែលកំពុងបន្ត ទៅលើតំបន់ហ្គាហ្សាស្ទ្រីប។
ដែលបានសម្លាប់ ជនជាតិប៉ាឡេស្ទីនជាង 40,200 នាក់ បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលាឆ្នាំមុនដោយក្រុមហាម៉ាសដែលបានសម្លាប់ជនជាតិអ៊ីស្រាអែលចំនួន 1,139នាក់៕