(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងតែខិតខំរិះរកយន្តការនានា ដែលមានប្រសិទ្ធភាព និងការវិភាជថវិការជាច្រើនបន្តបន្ទាប់ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាជនគ្រប់ៗរូបឱ្យកាន់តែប្រសើរជាលំដាប់។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារថ្មី នៅមន្ទីរពេទ្យកាល់ម៉ែត។
សម្តេចធិបតី បានថ្លែងបន្តថា សេវាសុខាភិបាល ដើម្បីគាំពារសុខភាពសាធារណៈបានផ្តោតជាសំខាន់លើការកាត់បន្ថយការឈឺ និងការស្លាប់ បណ្តាលមកពីជំងឺជាពិសេសមិនឆ្លង ការលើកកម្ពស់សុខភាពបន្តពូជ សុខភាពមាតា ទារកកកម្ពុជា និងអាហារូបត្ថម្ភការការពារសុខភាពសាធារណៈ ការការពារគ្រោះអាសន្នសុខភាពជាដើម។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ជំរុញឱ្យបង្កើនគុណភាពការបណ្ដុះបណ្ដាលសិស្សពេទ្យឱ្យមានគុណភាព និងស្ដង់ដារខ្ពស់ ខណៈដែលគុណភាពលើវិស័យសុខាភិបាលនេះ មិនត្រឹមតែអាចជួយសង្គ្រោះ ព្យាបាលប្រជាពលរដ្ឋបានល្អប៉ុណ្ណោះទេ។
ប៉ុន្ដែក៏បានចូលរួមលើកកម្ពស់មុខមាត់វិស័យសុខាភិបាលកម្ពុជាផងដែរ៕