មន្ត្រីក្នុងតំបន់ បានរាយការណ៍កាលពីថ្ងៃសុក្រ(ទី២៧ខែកញ្ញា)ថា ចំនួនអ្នកស្លាប់ដោយសារ ការប៉ះទង្គិចគ្នា រវាងកុលសម្ព័ន្ធដែលកំពុងបន្តនៅភាគពាយ័ព្យប្រទេសប៉ាគីស្ថាន បានកើនឡើងដល់៤៦នាក់ហើយ…។យោងតាមមន្ត្រីរដ្ឋបាល ក្នុងតំបន់ លោក Rajab Ali បាននិយាយថា យ៉ាងហោចណាស់អ្នកស្លាប់ចំនួន៥ នាក់បន្ថែមទៀត ត្រូវបានគេកត់ត្រាថា ជាការប្រយុទ្ធគ្នានៅក្នុងតំបន់ផ្សេងៗនៃស្រុក Kurram នៅជិតព្រំដែនអាហ្វហ្គានីស្ថាន បានឈានចូលដល់ថ្ងៃទី៨របស់ខ្លួន។
ជម្លោះបានផ្ទុះឡើង កាលពីសប្តាហ៍មុនជុំវិញការសាងសង់លេនដ្ឋានលើដីដែលជាកម្មសិទ្ធិ របស់កុលសម្ព័ន្ធគូប្រជែង។
លោកវេជ្ជបណ្ឌិត Gul Rahim អគ្គនាយកមន្ទីរពេទ្យ Sadda Tehsil បានប្រាប់ Anadolu តាមទូរស័ព្ទថា រហូតមកដល់ពេលនេះ អ្នកស្លាប់ 16 នាក់ និងរបួស 78 នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យរបស់យើងក្នុងកំឡុងសប្តាហ៍មុន ។
អ្នកស្លាប់ចំនួន ៣២នាក់ ដែលនៅសេសសល់ និងជាង ៨០នាក់ទៀតរងរបួស ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុក Parachinar និងកន្លែងឯកជនផ្សេងទៀតនៅក្នុងតំបន់នេះ ក្នុងរយៈពេលប្រាំបីថ្ងៃកន្លងមកនេះ។
អ្នកស្រុកនៅតំបន់នោះបានរាយការណ៍ថា ផ្លូវថ្នល់ ផ្សារ និងសាលារៀននៅតែបិទចាប់តាំងពីការប្រយុទ្ធគ្នាបានចាប់ផ្តើម ដែលធ្វើឱ្យមនុស្សរាប់ពាន់នាក់ត្រូវបង្ខាំងផ្ទះរបស់ពួកគេដោយសារការបាញ់កាំភ្លើងធំ។
ព្រឹទ្ធាចារ្យកុលសម្ព័ន្ធក្នុងស្រុក Mir Afzal Khan Turi បានប្រាប់អ្នកយកព័ត៌មាននៅ Parachinar ថា យើងកំពុងទាមទារឱ្យរដ្ឋាភិបាលប្រើប្រាស់ធនធានទាំងអស់របស់ខ្លួនសម្រាប់បទឈប់បាញ់ជាបន្ទាន់មួយ ដោយសារមនុស្សមកពីភាគីទាំងពីរត្រូវបានរងផលប៉ះពាល់។
កាលពីថ្ងៃពុធ លោក Sajid Turi អតីតសមាជិកសភាមកពីទីក្រុង Kurram និងជាសមាជិកនៃ Jirga ដែលជាក្រុមប្រឹក្សាប្រពៃណីនៃពួកព្រឹទ្ធាចារ្យដែលមានភារកិច្ចដោះស្រាយជម្លោះ បាននិយាយថា ភាគីសង្រ្គាមដែលមានក្រុម Shia និង Sunni បានយល់ព្រមលើបទឈប់បាញ់មួយ។
ទោះជាយ៉ាងណា ការបាញ់កាំភ្លើងបានបន្តនៅក្នុងតំបន់។
លោក Javidullah Mehsud ស្នងការរងនៃរដ្ឋបាលស្រុកបាននិយាយថា រដ្ឋបាលមូលដ្ឋានកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយ Jirga ហើយសង្ឃឹមថាភាគីទាំងពីរនឹងឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ក្នុងពេលឆាប់ៗនេះ ។
គួរជម្រាបថា ស្រុក Kurram ដែលត្រូវបានគេស្គាល់ថាជាកន្លែងទេសចរណ៍ដ៏ស្រស់ស្អាតនៅក្នុងខេត្ត Khyber Pakhtunkhwa មានព្រំប្រទល់ជាប់ប្រទេសអាហ្វហ្គានីស្ថាន៕