(កណ្តាល)៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្ដាល កាលពីថ្ងៃទី៣០.០៩.២០២៤ បានសម្រេចឃុំខ្លួន ជនត្រូវចោទចំនួន៣នាក់ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន។
ពាក់ព័ន្ធការប្រើកាំភ្លើងកែច្នៃ បាញ់និងគប់គ្រាប់បែកដែកកេះ ចូលកាស៊ីណូថ្មពេជ្រ នៅស្រុកលើកដែក ខេត្តកណ្តាល កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤.ខណៈអ្នកពាក់ព័ន្ធចំនួន៣នាក់ទៀត កំពុងរត់គេចខ្លួន…!។
-នេះបើយោងតាមការបញ្ជាក់ពីលោក សូរ សារិន អ្នកពាក្យសាលាដំបូងខេត្តកណ្ដាល ដែលបានថ្លែងប្រាប់(ដើមរាំង)នៅព្រឹកទី០១.១០.២០២៤។
បើតាមលោក សូរ សារិន ជនត្រូវចោទទាំង៣នាក់៖
ទី១៖ ឈ្មោះ មាស អូន ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានទីលំនៅភូមិ១ ឃុំព្រែកខ្សាយខ ស្រុកពាមរណ៍ ខេត្តព្រៃវែង(ឃុំខ្លួន)(ជាអ្នករៀបចំចាត់ចែងមធ្យោបាយ)។
២៖ ឈ្មោះ តាំង យាំងវៀង ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិវៀតណាម(ឃុំខ្លួន)(ជាជនដៃដល់)។
៣.ឈ្មោះ ង្វៀង យី ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិវៀតណាម(ឃុំខ្លួន) (ជាអ្នកបើកម៉ូតូ)។
ខណៈជនជាតិវៀតណាមចំនួន៣នាក់ទៀត(រត់គេចខ្លួន)។
រីឯជនរងគ្រោះឈ្មោះ ចៅ រិន ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ មានទីលំនៅភូមិក្អមសំណក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល (រងរបួសស្រាល ស្មាដៃខាងឆ្វេង)។
វត្ថុតាងចាប់យករួមមាន ១.សំបកគ្រាប់ទំហំ ០៩មីលីម៉ែត្រចំនួន ០៧សំបកគ្រាប់, ២.ដែកកេះប្រើហ្គាស រូបរាងជាគ្រាប់បែក និងគ្រឿងបង្គំបាក់បែក ០១សម្រាប់, ៣.ក្បាលគ្រាប់ជ័រ ពណ៌ខ្មៅ ០១គ្រាប់, ៤.រថយន្តម៉ាក CAMRRY ពណ៌ទឹកប្រាក់ ស្លាកលេខ 2T-7080, ៥.ម៉ូតូម៉ាក YAMAHA Exciter ពណ៌ទឹកប៊ិច ចំនួន២គ្រឿង, ៦.ស្លាកលេខវៀតណាមចំនួន ២ស្លាក (62-C1 224.19 ,59D2 267.64), ៧.មួកការពារសុវត្ថិភាពចំនួន ០៣ (មួកពណ៌ផ្កាឈូកចំនួន ០១ ,មួកពណ៌ស ចំនួន០២), ៨.មួកឆាងសាច់ក្រណាត់ពណ៌ខ្មៅចំនួន ០១, ៩.អាវក្រៅដៃវែងមានមួក ពណ៌លឿង ក្រឡាការ៉ូចំនួន ០១
១០.លិខិតឆ្លងដែន ឈ្មោះ MEAS AUN ចំនួន ០១។
ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១២:៤៤នាទី នៅចំណុចកាស៊ីណូថ្មពេជ្រ ស្ថិតក្នុងភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល។
ខណៈនោះជនសង្ស័យចំនួន០៤នាក់ បានជិៈម៉ូតូ០២គ្រឿង សង្ស័យម៉ូតូម៉ាក អិចសាយទ័រ ចូលមកខាងមុខកាស៊ីណូ ។
ភ្លាមនោះជនសង្ស័យ០២នាក់ បានដកកាំភ្លើងខ្លីកែច្នៃ ចំនួន០២ដើម បាញ់ទៅលើសន្តិសុខ០៦គ្រាប់។ បណ្ដាលឲ្យត្រូវរបួសស្រាល ឈ្មោះ ចៅ រិន (ជាសន្តិសុខយាមខ្លោងទ្វារកាស៊ីណូ) ។
ត្រូវចំស្មាខាងឆ្វេង បន្ទាប់មកក៏បានគប់គ្រាប់បែកដៃ (ជាប្រភេទដែកកេះ មានរូបរាងដូចគ្រាប់បែក) គប់ចូលទៅក្នុងបរិវេណខាងមុខកាស៊ីណូថ្មពេជ្រ ។
ភ្លាមនោះជនសង្ស័យ បាននាំគ្នារត់ឡើងជិៈម៉ូតូ ០២គ្រឿង គ្នា០៤នាក់ គេចខ្លួនបាត់ទៅ។
-ក្រោយមកកម្លាំងជំនាញ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតឃាត់ខ្លួនបានជនត្រូវចោទខាងលើ និងបានសន្និដ្ឋានថា(ជារឿងទំនាស់ផ្ទៃក្នុងការរកស៊ី មកបង្កការអុកឡុក រំខានការស៊ី មិនចង់ឱ្យដំណើរការបាន)។
ចំពោះការប្រើប្រាស់អាវុធ (កែច្នៃ)ក្នុងរូបភាពនេះ មិនមែនជាអំពើភេរវកម្មនោះទេ៕