ព្រះមហាក្សត្រ ទ្រង់យាងទៅចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩ នៅប្រទេសបារាំង!

(ភ្នំពេញ)៖ នៅព្រឹកទី០១ ខែតុលា ឆ្នាំ២០២៤ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាកម្ពុជា សព្វព្រះរាជហឫទ័យ យាងចាកចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ទៅប្រទេសបារាំង…!។

ព្រះរាជដំណើររបស់ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងនាពេលនេះ ធ្វើឡើងតបតាមការយាងរបស់លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី​ លើកទី១៩ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៤ ដល់ ទី៥ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស។

សេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩ នឹងធ្វើឡើង
ក្រោមមូលបទ ការបង្កើតថ្មី នវានុវត្តន៍ និងសហគ្រិនភាពជាភាសាបារាំង។
តាមរយៈកិច្ចប្រជុំកំពូលនេះ ជាឱកាសមួយសម្រាប់ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល ពិភាក្សាពីដំណោះស្រាយនៃបញ្ហាប្រឈមនានា ដូចជាការបង្កើតការងារសម្រាប់យុវជនក្នុងតំបន់ប្រើប្រាស់ភាសាបារាំង។

គោលបំណងមួយនៃ កិច្ចប្រជុំកំពូល​នេះ គឺបង្កើតបរិយាកាសដែលមានលក្ខណៈអំណោយផលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ដែលគោរពសេរីភាព​នៃការបង្កើតថ្មី និងសហគ្រិនភាព ព្រមទាំងធ្វើឱ្យពហុភាគីនិយមមានភាពរស់រវើកឡើងវិញ ដោយមានការរួមចំណែកពីស្ថាប័នហ្វ្រង់កូហ្វូនផងដែរ។

ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នឹងយាងថ្លែងព្រះរាជសុន្ទរកថា​បិទ​កិច្ចប្រជុំ ជាមួយលោកប្រធានាធិបតីបារាំង និងលោកស្រីអ័គ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី។

នៅក្នុងអំឡុងពេលគង់ប្រថាប់នៅទីក្រុងប៉ារីស ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គនឹង​ព្រះ​រាជ​ទាន​ព្រះរាជសវនាការទ្វេភាគីជាមួយលោកប្រធានាធិបតីបារាំង ដើម្បីពិភាក្សាអំពីទំនាក់ទំនងមិត្តភាពជាប្រពៃណី រវាងកម្ពុជា និងបារាំងផងដែរ។

បើតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា អញ្ជើញចូលរួមដង្ហែព្រះរាជដំណើរ ព្រះករុណាជាអម្ចាស់​ជីវិត​លើត្បូងយាងចូលរួមកិច្ចប្រជុំនេះ រួមមានសម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ព្រះ​បរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ លោកស្រី ណូរី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិក​ក្រុម​ប្រឹក្សាធម្មនុញ្ញ និងជានាយកព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ និងលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋ​មន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ។

អង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង ឬហៅកាត់ថាហ្វ្រង់កូហ្វូនី (OIF) ត្រូវបានបង្កើតឡើង​នៅ​ថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៧០ ដោយមានស្ថាបនិកដូចជា ព្រះបរមរតនកោដ សម្តេចព្រះ នរោត្តម សីហនុ លោក Léopold Sédar Senghor (ជាអតីតប្រធានាធិបតីសេណេហ្កាល់), លោក Habib Bourguiba (អតីតប្រធានាធិបតីទុយនីស៊ី), លោក Hamani Diori (អតីតប្រធានាធិបតីនីហ្សេ) ជាដើម។

អង្គការហ្វ្រង់កូហ្វូនី មានទីស្នាក់ការកណ្ដាលនៅទីក្រុងប៉ារីស ហើយមានសមាជិក ៨៤ប្រទេស ក្នុងនោះមាន​សមា​ជិកពេញសិទ្ធិចំនួន៥៤ និងសមាជិកមិនពេញសិទ្ធិ៤ ព្រមទាំងសមាជិកជារដ្ឋសង្កេតការណ៍ ២៦ប្រទេស។

ប្រទេសកម្ពុជាបានក្លាយជាសមាជិកក្នុងនាមជារដ្ឋសង្កេតការណ៍នៅខែវិច្ឆិកា ឆ្នាំ១៩៩១ នៅឯកិច្ចប្រជុំកំពូល​ហ្វ្រង់​កូហ្វូនីលើកទី៤ ក្នុងសង្កាត់ Chaillot នៃទីក្រុងប៉ារីស ហើយបានក្លាយជាសមាជិកពេញសិទ្ធិនៅខែតុលា ឆ្នាំ១៩៩៣ នៅឯកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី៥ នៅភូមិ Grand-Baie នៃប្រទេសម៉ូរីតានី។

អង្គការ OIF មានបេសកកម្មចម្បងៗចំនួន៤រួមមាន៖ លើកកម្ពស់ការនិយាយភាសាបារាំង កិច្ចសហប្រតិបត្តិការវប្បធម៌ និងពិពិធិកម្មភាសា។
លើកកម្ពស់សន្តិភាព ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។
គាំទ្រដល់វិស័យអប់រំ ការបណ្ដុះបណ្ដាល ឧត្តមសិក្សា និងការស្រាវជ្រាវ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។

សូមបញ្ជាក់ដែរថា ពេលបច្ចុប្បន្ន ប្រជាជននិយាយភាសាបារាំង ត្រូវបានវាយតម្លៃថាមានប្រមាណ ៣២១លាននាក់ នៅទូទាំងទ្វីបទាំង៥។
កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីត្រូវធ្វើឡើងជារៀងរាល់២ឆ្នាំម្ដង៕

Leave a Reply

Your email address will not be published. Required fields are marked *