លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បាននិយាយថារុស្ស៊ីមានសិទ្ធិក្នុងការសម្រេចថា តើត្រូវប្រើប្រាស់កងទ័ពកូរ៉េខាងជើង ឬអត់ ក្នុងសង្រ្គាមនៅអ៊ុយក្រែន។
នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤។
លោក ពូទីន បានព្រមានអ៊ុយក្រែនថា ប្រសិនបើអ៊ុយក្រែនចង់ចូលរួមជាមួយអង្គការ NATO រុស្ស៊ីនឹងធ្វើអ្វីដែលខ្លួនចង់បធ្វើដើម្បីធានាសុវត្ថិភាពដល់រុស្ស៊ី។
លោក ពូទីន បានអះអាងបែបនេះបន្ទាប់ពីសហរដ្ឋអាមេរិកប្រកាសថា ខ្លួនមានភស្តុតាងជាក់ស្តែងដែល កូរ៉េខាងជើងបានបញ្ជូនទាហាន ៣០០០នាក់ទៅកាន់ប្រទេសរុស្ស៊ី។ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៊ុយក្រែន បាននិយាយថា ទាហានកូរ៉េខាងជើងត្រូវបានគេដាក់ពង្រាយ នៅក្នុងតំបន់ Kursk របស់រុស្ស៊ី ជាតំបន់ដែលកងកម្លាំងអ៊ុយក្រែនបានវាយរុលចូលកាលពីខែសីហា។
លោក ពូទីន បានចោទប្រកាន់លោកខាងលិច ថាបង្កឱ្យមានសង្រ្គាមនៅអ៊ុយក្រែន និងបាននិយាយថា រុស្ស៊ីមានសិទ្ធិក្នុងការការពារខ្លួន។ លោកបាននិយាយថា លោកខាងលិចបាននិយាយម្តងហើយម្តងទៀតថា វាអាស្រ័យលើអ៊ុយក្រែនក្នុងការសម្រេចចិត្តពីរបៀបដែលខ្លួនចង់ធានាសុវត្ថិភាព ដោយមាន ឬគ្មាន NATO ក៏ដោយ៕