ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍(ទី២១ខែវិច្ឆិកា)ថា កងកម្លាំងរបស់ខ្លួនដណ្តើមបានភូមិ Dalne ដែលស្ថិតនៅក្នុងតំបន់ Donetsk ភាគខាងកើតអ៊ុយក្រែន ដោយវាជាជ័យជម្នះថ្មីមួយទៀតនៃសង្រ្គាមជាង៣៣ខែ។
ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ ២០២៤។
Reuters មិនអាចផ្ទៀងផ្ទាត់ព័ត៌មាននេះដោយឯករាជ្យបានឡើយ ខណៈអគ្គសេនាធិការអ៊ុយក្រែន មិនទទួលស្គាល់ទេថាភូមិ Dalne ធ្លាក់ទៅក្នុងដៃរុស្ស៊ី។ តាមរបាយការណ៍ថ្មីចុងក្រោយរបស់យោធាអ៊ុយក្រែន ភូមិនេះស្ថិតក្នុងចំណោមភូមិចំនួន ៧នៃតំបន់ Donetsk ដែលកងកម្លាំងរុស្ស៊ីព្យាយាមទម្លុះខ្សែការពារអ៊ុយក្រែនចំនួន ២៦លើកក្នុងរយៈពេល ២៤ម៉ោងកន្លងមក ហើយការប្រយុទ្ធគ្នាកំពុងបន្ត។ ប៉ុន្តែគេហទំព័រយោធា DeepState ដ៏ល្បីរបស់អ៊ុយក្រែនសរសេរថា កងទ័ពរុស្ស៊ីបានលើកទង់ជាតិរបស់ពួកគេ ហើយចូលកាន់កាប់គ្រប់ទីតាំងទាំងអស់នៃភូមិនេះរួចហើយ។
គួរបញ្ជាក់ថា ក្រោយបរាជ័យក្នុងការវាយលុកលើទីក្រុងកៀវ នៅដើមដំបូងនៃសង្រ្គាមឈ្លានពានរបស់ខ្លួន កងទ័ពរុស្ស៊ីបានងាកទៅផ្តោតលើការចាប់យកតំបន់ Donbas ដែលមានតំបន់ Donetsk និង Luhansk៕