(កណ្ដាល)៖ ពលរដ្ឋមួយចំនួន ក៏ដូចជាមន្ត្រីរាជការក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល បានបញ្ចេញប្រតិកម្មនិងសម្ដែងការខកចិត្តជាខ្លាំង ទៅលើលោក មុត សារិទ្ធ មេឃុំគគីរ ដោយថាលោកមេឃុំរូបនេះ កំពុងធ្មេចភ្នែកបើកភ្លើងខៀវឱ្យ ព្រះតេជគុណព្រះវិជ្ជានុរ័ក្ខញាណ ខឹម សុផន ព្រះអនុគណស្រុកកៀនស្វាយ និងជាចៅអធិការ(វត្តស្លាកែត) ទន្ទ្រានចាក់ដីលុបបឹងសាធារណៈរបស់រដ្ឋ ដែលនៅខាងក្រោយវត្ត មកអង្កន់ពុះជាឡូត៍ លក់ឱ្យគេសាងសង់(ចេតិយ) ក្នុង១ឡូត៍ៗតម្លៃ៥.០០០ដុល្លារ ដោយពុំមានការទប់ស្កាត់!.!។
-ករណីនេះ លោកមេឃុំថ្លែងថាគ្មាននរណាទៅលក់ដូរដីវត្តនោះទេ!។
ស្របពេលដែលលោកមេឃុំ ថ្លែង បដិសេធបែបនេះ ស្រាប់តែព្រះគ្រូ ខឹម សុផនបានមានសង្ឃដីកាទទួលស្គាល់ថា ព្រះអង្គពិតជាបានពុះឡូត៍ លក់ក្នុង១ប្លង់តម្លៃ៥.០០០ដុល្លារប្រាកដមែន!។
បើតាមព្រះគ្រូ ខឹម សុផន ដីនេះពីមុនមកជា(ដីបឹង) ហើយបច្ចុប្បន្នមន្ត្រីជំនាញបានវាស់វែង និងកាត់ឆ្វៀលបញ្ចូលមកជាដីគរុភណ្ឌរបស់វត្ត និងបានចេញបង្កាន់ដៃរួចហើយដែរ។
ពោលគឺ ខណៈពេលវាស់វែងនោះ ព្រះអង្គ ក៏បានប្រគល់លុយឱ្យមន្ត្រីជំនាញចំនួនពីរ ទៅ៣០០ដុល្លារទៀតផង ជាថ្លៃបាយទឹក…!។
សូមជម្រាបថា ដីបឹងសាធារណៈរបស់រដ្ឋ ដែលព្រះសង្ឃអាចារ្យគណៈកម្មការនៅ(វត្តស្លាកែត)ចាក់ដីលុប និងអង្កន់ពុះឡូត៍លក់ឱ្យគេសង់(ចេតិយ)នោះ មានទីតាំងត្រង់ចំណុចក្រោយ(វត្តស្លាកែត)ស្ថិតនៅភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
-សេចក្ដីរាយការណ៍បានឱ្យ(ដើមរាំង)ដឹងថាលោក មុត សារិទ្ធ មេឃុំគគីរ គឺត្រូវជាក្មួយរបស់ព្រះគ្រូ ខឹម សុផន ចៅអធិការ(វត្តស្លាកែត)តែម្ដង!។
ហេតុនេះទើបសកម្មភាព នៃការចាក់ដីលុបបឹង និងអង្កន់ពុះឡូត៍ លក់ឱ្យគេសង់(ចេតិយ) ត្រង់ចំណុចខាងលើ.គឺអាចប្រព្រឹត្តទៅយ៉ាងរលូន ដោយអាជ្ញាធរមិនទប់ស្កាត់ ហើយក៏មិនហាមឃាត់អ្វីដែរ ផ្ទុយទៅវិញអាជ្ញាធរឃុំ មានតែជួយសម្របសម្រួលថែមទៀត។
ខណៈគ្រួសារម្ចាស់(ចេតិយ)នីមួយៗ សុទ្ធតែបានទិញដីពីព្រះគ្រូ ខឹម សុផន ចៅអធិការ(វត្តស្លាកែត)ទាំងអស់.។
ដោយកាលពីឆ្នាំមុន ក្នុង១ឡូត៍ៗ
តម្លៃត្រឹមតែពី២.៥០០ដុល្លារទៅ៣.០០០ដុល្លារប៉ុណ្ណោះ…!។
លុះឥឡូវហាងឆេងដីហក់ឡើងខ្ពស់ និងសំបូរអ្នករកទិញពេក ទើបព្រះសង្ឃដំឡើងថ្លៃដល់ទៅ៥.០០០ដុល្លារ ក្នុង១ឡូត៍ជាកំហិត.!។
ទាំងដែលដីនេះ ជាដីបឹងសាធារណៈរបស់រដ្ឋ មិនមែនជាដីគរុភណ្ឌរបស់វត្តនោះទេ។
បែរជាព្រះសង្ឃ អាចារ្យគណៈកម្មការមានសិទ្ធ ចាត់ចែងចាក់ដីលុប ដោយអង្កន់ពុះឡូត៍ លក់យ៉ាងគគ្រឹកគគ្រេងទៅវិញ…!។
ចំណែកពុទ្ធបរិស័ទចំណុះជើងវត្ត ដែលពុំមានលុយទិញ តាមហាងឆេង និងតម្លៃដែលបានកំណត់នោះទេ។
គឺគ្មានវាសនា បានសង់(ចេតិយ)ត្រង់ចំណុចខាងលើ ដើម្បីតម្កល់ព្រះសារីរិកធាតុ ឬបញ្ចុះសពឪពុយម្ដាយរបស់ ខ្លួននោះឡើយ…!។
ស្របពេលដែលក្រុមគ្រួសារម្ចាស់(ចេតិយ)នីមួយៗ ដែលបានសាងសង់រួចនិងកំពុងសាងសង់.ភាគច្រើន ជាថៅកែនាយទុនអ្នកមានលុយ និងឧកញ៉ា នៅភ្នំពេញឯនោះវិញទេ។
-ឆ្លើយតបនិងការចោទប្រកាន់ខាងលើនៅព្រឹកទី២៧.១១.២០២៤ ព្រះតេជគុណព្រះវិជ្ជានុរ័ក្ខញាណ ខឹម សុផនព្រះអនុគណស្រុកកៀនស្វាយ និងជាចៅអធិការ(វត្តស្លាកែត)បានមានសង្ឃដីកាបំភ្លឺប្រាប់(ដើមរាំង)ថា ដីឡូត៍ត្រង់ចំណុចខាងលើ គឺព្រះអង្គលក់ក្នុងតម្លៃ៥.០០០ដុល្លារក្នុង១ឡូត៍។
ព្រះអង្គ ខឹម សុផន មានសង្ឃដីកាបន្តថា ដីដែលព្រះអង្គពុះឡូត៍លក់នេះ ពីមុនជាដីបឹង.ប៉ុន្តែថ្មីៗនេះមន្ត្រីជំនាញ បានវាស់វែង និងកាត់ឆ្វៀល បញ្ចូលមកជាដីគរុភណ្ឌរបស់វត្ត និងបានចេញបង្កាន់ដៃរួចហើយ។
ព្រះអង្គ ខឹម សុផន ក៏បានបញ្ជាក់ដែរថា កាលពីពេលវាស់វែងនោះ គឺព្រះអង្គ បានប្រគល់លុយឱ្យ មន្ត្រីជំនាញចំនួន២ ទៅ៣០០ដុល្លារទៀតផង ជាថ្លៃបាយទឹក.!។
-រីឯលោក កេត ផលប្រធានការិយាល័យ រៀបចំដែនដី នគរូបនីយកម្មសំណង់ និងភូមិបាលស្រុកកៀនស្វាយ បានថ្លែងថា រឿងលុយបាយទឹក ចំនួន៣០០ដុល្លារអីហ្នឹង គឺលោកពុំបានដឹងទេ។
-ចំពោះសំនួរថា ការកាត់ដីបឹង មួយចំហៀងមកឱ្យពលរដ្ឋ និងមួយចំហៀងទៀត បញ្ចូលមកជាដី(វត្តស្លាកែត) តើមានអនុក្រឹត្យ ឬគោលការពីរាជរដ្ឋាភិបាលដែរឬទេ..?។
-ត្រង់ចំណុចនេះលោក កេត ផល បានឆ្លើយថា ការកាត់ឆ្វៀលនោះ គឺមិនមានអនុក្រឹត្យនោះទេ.ប៉ុន្តែមានការចូលរួមសហការវាស់វែង ពីអាជ្ញាធរភូមិ ឃុំ…!។
ចំណែកលោក មុត សារិទ្ធមេឃុំគគីរ បានថ្លែងប្រាប់(ដើមរាំង)ថា ដីដែលកាត់ឆ្វៀលឱ្យពលរដ្ឋនោះ គឺជាដីអាស្រ័យផលរបស់ពួកគាត់។
ពាក់ព័ន្ធការកាត់ឆ្វៀលដីបឹង អស់ប៉ុន្មានម៉ែត្រ ឬទុកចំណីអូរប៉ុន្មានម៉ែត្រ គឺទាល់តែជំនាញ ទើបគេច្បាស់ព្រោះគេមានសិទ្ធិសម្រេច ខណៈអាជ្ញាធរគ្រាន់តែចូលរួម.បន្ថែមពីនេះលោកមេឃុំ បានបដិសេធថា គ្មានការទិញលក់ដីវត្តអ្វីឡើយ។
ចំពោះលោក ឡូវ សុខសានអភិបាលស្រុកកៀនស្វាយ បានថ្លែងថា ករណីខាងលើ មន្ត្រីភូមិបាលកំពុងធ្វើការ ខណៈរូបលោកពុំច្បាស់ទេ។
សូមជម្រាបថា ជាគោលការច្បាប់ដីសាធារណៈរបស់រដ្ឋ មានតែប្រមុខរាជរដ្ឋាភិបាលប៉ុណ្ណោះ ដែលមានសិទ្ធក្នុងការចាត់ចែង.សម្រេចធ្វើសម្បទាន.អនុប្រយោគឬប្រគល់ឱ្យក្លាយជាកម្មសិទ្ធឯកជន ឬយកទៅអភិវឌ្ឍន៍អ្វីមួយ។
ខណៈព្រះសង្ឃ.អាចារ្យ.គណៈកម្មការមានសិទ្ធតែចាត់ចែង ដីគរុភណ្ឌរបស់វត្តតែប៉ុណ្ណោះ.!។
ផ្ទុយទៅវិញករណីខាងលើ បែរជាព្រះសង្ឃ.អាចារ្យ.គណៈកម្មការ(វត្តស្លាកែត) យកដីបឹងសាធារណៈរបស់រដ្ឋ មកចាត់ចែងពុះឡូត៍លក់យ៉ាងពេញបន្ទុកទៅវិញ..រហូតបង្កការរិៈគន់គ្មានសំចៃមាត់..!។
យ៉ាងណាក៏ដោយ ពលរដ្ឋមួយចំនួននៅស្រុកកៀនស្វាយ ក៏ដូចមន្ត្រីរាជការខ្លះសូមស្នើដល់ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល មេត្តាជួយទប់ស្កាត់ចំពោះករណីខាងលើ ដោយក្ដីអនុគ្រោះ៕