Update៖ បាក់ច្រាំងទន្លេនៅស្រុកខ្សាច់កណ្តាល បាត់ខ្លួនកម្មករម្នាក់និងលិចទូកចំនួន៤គ្រឿង!

(កណ្តាល)៖ កម្មករសាឡង់បូមខ្សាច់ម្នាក់បានបាត់ខ្លួន និងទូកចំនួន៤គ្រឿងទៀតបានលិចបាត់.។

ដោយសារបាក់ស្រុតច្រាំងទន្លេ នៅចំណុចដេប៉ូខ្សាច់ដ៏ធំមួយ ក្នុងភូមិព្រែកតាបែន ឃុំស្វារមៀត ស្រុកខ្សាច់កណ្តាល កាលពីវេលាម៉ោង០៤ព្រឹក ថ្ងៃទី១១ ខែធ្នូ ២០២៤ ខណៈផ្ទះ១ខ្នងដែលនៅក្បែរនោះក៏កំពុងរងការគំរាមកំហែងពីការបាក់ស្រុតនេះផងដែរ។
ក្រោយកើតហេតុ គេឃើញវត្តមានលោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានដឹកនាំមន្ត្រីក្រោមឱវាទចុះពិនិត្យដោយផ្ទាល់។
សេចក្ដីរាយការណ៍បានឱ្យ(ដើមរាំង)ដឹងថា ជនរងគ្រោះដែលបាត់ខ្លួនឈ្មោះ សឿ សឹង ភេទប្រុសអាយុ២៤ឆ្នាំ មានស្រុកកំណើតភូមិបារាយ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ(កម្មករសាឡង់បូមខ្សាច់)។
ខណៈមនុស្ស៣នាក់ទៀត ត្រូវនាំយកទៅសង្គ្រោះនៅមន្ទីរពេទ្យ និងលិចបាត់ទូកតូច-ធំ ចំនួន៤គ្រឿងផងដែរ។

-គិតមកដល់ពេលនេះ នៅមិនទាន់រកសពឃើញនៅឡើយនោះទេ ហើយការបាក់ស្រុតច្រាំងទន្លេនេះ មានប្រមាណជាង៥០ម៉ែត្រ និងបណ្តោយប្រមាណជាង១០០ម៉ែត្រ បច្ចុប្បន្នអាជ្ញាធរបានហ៊ុំព័ទ្ធកន្លែងកើតហេតុ ដើម្បីកុំឱ្យប្រជាពលរដ្ឋចេញចូល ។
ព្រោះបារម្ភ ក្រែងមានការបាក់ស្រុតបន្ត ទុកលទ្ធភាពឱ្យអ្នកមុជទឹក ស្វែងរកសព និងស្នើឱ្យម្ចាស់ទីតាំងរុះរើចេញពីកន្លែងកើតហេតុ ។
ដើម្បីបញ្ចៀសនូវហានិភ័យជាយថាហេតុ ព្រោះបច្ចុប្បន្នសង្កេតឃើញថា នៅមានស្នាមប្រេះបន្ថែមថ្មីៗទៀត ដែលអាចនឹងមានការបាក់ស្រុតបន្តទៀត។

សាក្សីដែលនៅកន្លែងកើតហេតុបានប្រាប់ថា កាលពីយប់ថ្ងៃទី១០ ម្ចាស់សាឡង់ឈ្មោះ ឈួន ឈុន ភេទប្រុស អាយុ៤៩ឆ្នាំ មានទីលំនៅភូមិឬស្សី ឃុំថ្មគ្រែ ស្រុកសំបូរ ខេត្តក្រចេះ និងកម្មករចំនួន៣នាក់ទៀត ។
បានដឹកខ្សាច់ដើម្បីយកមកបូមដាក់ឱ្យដេប៉ូខាងលើ ដែលមានថៅកែ ឈ្មោះ ម៉េង ស្រ៊ិន ។
ប៉ុន្តែ ដោយសារយប់ក៏នាំគ្នាសម្រាកលើសាឡង់ រង់ចាំព្រឹកទើបបូមខ្សាច់ឡើងដេប៉ូ។
ក្នុងនោះជនរងគ្រោះ បានចងអង្រឹងដេកនៅក្បាលសាឡង់ លុះម៉ោងកើតហេតុ ។
ស្រាប់តែច្រាំងទន្លេបាក់ស្រុត គ្រឹបៗសង្កត់ក្បាលសាឡង់លិចចូលក្នុងទឹកធ្លាក់ទាំងជនរងគ្រោះលិចបាត់ចូលក្នុងទន្លេ ។
ចំណែកឯអ្នកដ៏ទៃទៀត បាននាំគ្នាហែលឡើងគោក និងខ្លះទៀតប្រឹងតោងសាឡង់ ដែលងើបផុសចេញពីទឹកវិញបានរស់រួចជីវិត។

អ្នកនេសាទម្នាក់ ដែលបានរួចរស់ជីវិតពីហេតុការណ៍នេះដែរនោះ លោក គ្រុយ សុខ បានរៀបរាប់ដែរថា លោកមានទីលំនៅឯស្រុកកងមាស ខេត្តកំពង់ចាម ឯណោះ ។
ហើយបាននាំប្រពន្ធមកស្នាក់នៅរកត្រីនៅស្រុកខ្សាច់កណ្តាល ក្រោយពីរាយមង រួចរាល់ ក៏បើកទូកចូលច្រាំង និងនាំប្រពន្ធសម្រាកលើទូក ដើម្បីរង់ចាំដោះត្រី។
គ្រាន់តែដេករលីវៗ ស្រាប់តែលឺសំលេងគ្រឹបៗ ហើយដីក៏បាក់ពីច្រាំងសង្កត់ទាំងពួកទាំងពួកគាត់ចូលក្នុងទន្លេ ឈ្លក់ទឹកស្ទើស្លាប់ស្ទើររស់ និងខំប្រឹងនាំគ្នាស្រវេស្រវាហែលឡើងគោកទាំងព្រលឹងចុងសក់ ប៉ុន្តែទូករបស់ពួកគាត់បានលិចកប់បាត់ចូលក្នុងទន្លេហើយ។
នាង ចែត ម៉ារី ភរិយារបស់កម្មករបាត់ខ្លួនខាងលើ បានរៀបរាប់ទាំងអួលដើមករថា ស្វាមីរបស់នាង បានធ្វើការកម្មករទូកបូមខ្សាច់នេះបានប្រមាណ៧ខែប៉ុណ្ណោះ ដោយទទួលបានប្រាក់ខែ៧០ម៉ឺនរៀល ស្រាប់តែវេលាទៀតភ្លឺ ថៅកែទូរសព្ទ័ប្រាប់ថា ច្រាំងបាក់សង្កត់ប្ដីលិចបាត់ ចូលក្នុងទន្លេ ទើបខ្លួនធ្វើដំណើរមកមើល ហើយរហូតមកដល់ពេលនេះ ហើយនៅមិនទាន់រកសពឃើញនៅឡើយ។

ចំណែកឯប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខាងលើ បានលើកឡើងថា ករណីនៅសុខៗបាក់ស្រុតច្រាំងរហូតជាង៥០ម៉ែត្រនេះ ។
ក្នុងស្រុកភូមិរបស់ពួកគាត់ ពុំដែលធ្លាប់កើតមានទេ ដែលការបាក់ស្រុតនេះអាចបណ្តាលមកពី ទឹកដែលស្រក់ចេញពីខ្សាច់ជ្រាបធ្វើឱ្យស្រទាប់ដីខាងក្រោមជ្រាយ ទើបនាំឱ្យមានការបាក់យ៉ាងគំហុគដូច្នេះ៕

Leave a Reply

Your email address will not be published. Required fields are marked *