Update៖ ពលរដ្ឋអះអាងថា មន្ទីរសុរិយោដីខេត្តកណ្ដាល ធ្វើរបាយការណ៍បំភ្លៃការពិត ពាក់ព័ន្ធទំនាស់ដីបឹងរាម ជិត៦០ហិកតានៅក្រុងអរិយក្សត្រ!

(កណ្តាល)៖ ប្រជាពលរដ្ឋរងគ្រោះ បានសម្ដែងការសោកស្ដាយនិងខកចិត្តជាខ្លាំង! ទៅលើលោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី ខេត្តកណ្ដាល!។

ដោយថា លោកប្រធានមន្ទីររូបនេះ ធ្វើរបាយការណ៍ កុហកនិងបំភ្លៃការពិត ពាក់ព័ន្ធទំនាស់ដី”បឹងរាម”ជិត៦០ហិកតា នៅក្រុងអរិយក្សត្រ ខេត្តកណ្តាល។

ក្នុងរឿងនេះពលរដ្ឋបញ្ជាក់ថា ពួកខ្លួនបានទិញនិងកាន់កាប់ដី”បឹងរាម”ទំហំជិត៦០ហិកតា តាំងពីឆ្នាំ២០១០ មកម្ល៉េះ..!
បែរជាលោក សុក កាន់ណារិទ្ធ ធ្វើរបាយការណ៍បំភ្លឺ ជូនអភិបាលខេត្តកណ្ដាលថា ពួកគាត់ទិញដីជាន់លើដីកម្មសិទ្ធិរបស់ឈ្មោះ ភឺន ផល្លា និងឈ្មោះ លឹម សុជាតិ ទៅវិញ…?។
ដែលរបាយការណ៍នេះ”គឺផ្ទុយពីការពិតត្រង់ចំណុចជាន់គ្នារវាងអ្នកកាន់កាប់មុននិងក្រោយ”។

ព្រោះថាឈ្មោះ ភឺន ផល្លា និងឈ្មោះ លឹម សុជាតិ ទើបនឹងប្រមូលទិញពីពលរដ្ឋនៅឆ្នាំ២០១៦ប៉ុណ្ណោះ ពោលគឺ អ្នកទាំង២នាក់នេះ ទិញដីក្រោយពួកគាត់ រយៈពេល៥ឆ្នាំឯណោះ..!។

មិនគួរណា មន្ទីរសុរិយោដីខេត្តកណ្ដាល
ចេញ(ប្លង់រឹង)ឱ្យឈ្មោះ ភឺន ផល្លា និងឈ្មោះ លឹម សុជាតិ ដែលជាអ្នកកាន់កាប់ក្រោយបែបនេះសោះ!។
បណ្ដាលឱ្យពួកខ្លួន ដែលជាអ្នកកាន់កាប់មុន ត្រូវរងភាពឈឺចាប់ និងស្ពាយឯកសារ ដើរប្ដឹងស្ទើរគ្រប់កន្លែង….!។

-ពលរដ្ឋបានបញ្ចេញប្រតិកម្មបែបនេះក្រោយឃើញរបាយការណ៍ របស់លោក សុក កាន់ណារិទ្ធ ដែលគោរពជូនឯកឧត្តម អភិបាលខេត្តកណ្ដាល កាលពីថ្ងៃទី០៩.១២.២០២៤។

ក្នុងរបាយការណ៍នោះ

លោក សុក កាន់ណារិទ្ធ បានអះអាងថា ឈ្មោះ ភឺន ផល្លា និងឈ្មោះ លឹម សុជាតិ បានប្រមូលទិញពីពលរដ្ឋនៅឆ្នាំ២០១៦ និងស្នើធ្វើ(ប្លង់រឹង)នៅឆ្នាំ២០១៧ ហើយអាជ្ញាធរនិងមន្ត្រីជំនាញ បានចេញប្លង់ឱ្យពួកគេ នៅឆ្នាំ២០១៩.ក្រោយមកក៏មានការទិញលក់ និងបំបែកក្បាលដីជាបន្តបន្ទាប់.!។

លោក សុក កាន់ណារិទ្ធ បន្តទៀតថា ផ្នែកតាមការអះអាងរបស់ឈ្មោះ មួន ទន់ និងឈ្មោះ ប៉ិច ក្រើន ដែលទិញពីប្រជាពលរដ្ឋមានទំហំ ជិត៦០ហិកតា តែតាមនិយាមកា.ដែលធ្លាប់ផ្តល់ឱ្យមានទំហំ.៤៣.៧០ហិកតា!។
ក្នុងនោះ ជាន់លើបឹងដែលរក្សាទុក ១១.៨២៤៣ហិកតា ជាន់លើផ្លូវគ្រោងទំហំ ៣.២៤ហិកតា និងជាន់លើប័ណ្ណកម្មសិទ្ធិរបស់ឈ្មោះ ភឺន ផល្លា និងឈ្លោះ លឹម សុជាតិ ទំហំ ២៨.៦៣៦ហិកតា!។

-សូមជម្រាបថាដី”បឹងរាម”ទំហំសរុប១២៥ហិកតា អតីតឡូត៍នេសាទលេខ១៧ ក្នុងសង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល ដីនេះមានទំនាស់ប្រមាណជិត ៦០ហិកតា..!។

ទាក់ទិនបញ្ហានេះ ពលរដ្ឋឈ្មោះ មួន ទន់ នៅភូមិពុកឫស្សីកណ្តាល ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងឈ្មោះ ប៉ិច ក្រើន នៅភូមិព្រែកក្របៅទី២ សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល ដែលអះអាងថា ខ្លួនជាម្ចាស់ដីរងគ្រោះខាងលើ…!។

បានប្ដឹងសុំកិច្ចអន្តរាគមន៍ ទៅឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី០២.០៧.២០២៤ ហើយថែមទាំងប្ដឹងចូលរដ្ឋបាល ខេត្តកណ្ដាល ទៀតផង ក្នុងបំណងទាមទាររកយុត្តិធម៌….!។

-នៅក្នុងបណ្ដឹងនោះ បានបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ រដ្ឋបាលខេត្តកណ្តាល និងមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកណ្ដាល បានយកដីរបស់ពួកគាត់ សរុបជិត ៦០ហិកតា ត្រង់ចំណុចខាងលើ មកកាត់ឆ្វៀល ចេញប័ណ្ណកម្មសិទ្ធ(ប្លង់រឹង)ឱ្យទៅអ្នកផ្សេងទាំងបំពាន ធ្វើឱ្យពួកខ្លួនរងការខាតបង់យ៉ាងធ្ងន់ធ្ងរ..!។

លុះដល់ថ្ងៃទី០៨.១១.២០២៤ ក្រសួងមហាផ្ទៃ បានចេញលិខិតតម្រូវឱ្យអភិបាលខេត្តកណ្តាល បំភ្លឺជាលាយលក្ខណ៍អក្សរ…!។
បន្ទាប់មកនៅថ្ងៃទី០៩.១២.២០២៤ លោក សុក កាន់ណារិទ្ធ ក៏បានធ្វើរបាយការណ៍បំភ្លឺ ជូនអភិបាលខេត្តកណ្ដាល ដែលមានខ្លឹមសារដូចខាងលើ..!។

-ពាក់ព័ន្ធវិវាទមួយនេះ លោក មួន ទន់ បានអះអាងប្រាប់(ដើមរាំង)ថា អាជ្ញាធរមូលដ្ឋាននិងមន្ត្រីជំនាញ បានបំបិទពួកគាត់ចោល មិនប្រាប់ឱ្យដឹងនឹងមិនហៅមកដោះស្រាយអ្វីទាំងអស់..!។

រួចក៏បាញ់ក្ដោបយកដីពួកគាត់ជិត៦០ហិកតា ទៅបូកបញ្ចូលជាមួយផ្ទៃដី”បឹងរាម”ជាង៦០ហិកតាទៀត សរុបចំនួន១២៥ហិកតា.មកកាត់ឆ្វៀលនិងចេញប័ណ្ណកម្មសិទ្ធ(ប្លង់រឹង)ឱ្យអ្នកមានលុយដោយស្ងាត់ៗ.ទើបកើតជាទំនាស់រ៉ាំរ៉ៃ.!។

-ដើម្បីឱ្យមានចំលើយទាំងសងខាងនៅព្រឹកទី២៤.១២.២០២៤(ដើមរាំង) បានសុំការបំភ្លឺ ពីលោកឧកញ៉ា ភឺន ផល្លា ភាគីអ្នកទទួលបាន(ប្លង់រឹង)ប៉ុន្តែលោកថ្លែងថា ខ្ញុំរវល់ពុំអាចបំភ្លឺបានទេនឹងចាំខលមកវិញនៅពេលក្រោយ..!។

-ចំណែកលោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកណ្ដាលគ្រាន់តែឮសំនួរជុំវិញរឿងរ៉ាវខាងលើ លោកចុចបិទទូរសព្ទតែម្ដង.!។

-យ៉ាងណាក៏ដោយលោក មួន ទន់ និងលោក ប៉ិច ក្រើន សូមស្នើយ៉ាងទទូចដល់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាពិសេសសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មេត្តាជួយអន្តរាគមន៍ បើកការស៊ើបអង្កេតស្រាវជ្រាវ

ពីភាពមិនប្រក្រតី នៃការកសាងប័ណ្ណកម្មសិទ្ធ(ប្លង់រឹង)នឹងសុំនិរាករណ៍ចោល ចំពោះវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ(ប្លង់រឹង)ដែលចេញគ្របលើដីពួកគាត់ ដោយក្ដីអនុគ្រោះ៕

Leave a Reply

Your email address will not be published. Required fields are marked *