(ក្រចេះ)៖ កាលពីល្ងាចថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ មានករណីក្រុមក្មេងទំនើងដេញកាប់គ្នាបណ្តាលឱ្យស្លាប់ម្នាក់។អំពើដ៏សាហាវនេះបានកើតឡើងនៅត្រង់ផ្លូវលំ ស្ថិតក្នុងភូមិស្រែថ្មី ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ដែលបង្កឡើងដោយជនសង្ស័យចំនួន២នាក់មាន ឈ្មោះ ឌួង ឡង់ឌី (ហៅភួង) ភេទប្រុស អាយុ១៨ឆ្នាំ និងឈ្មោះ សឿន មិថុនា (ហៅខ្មៅ) ភេទប្រុស អាយុ១៨ ឆ្នាំ បានជិះម៉ូតូ១គ្រឿង ម៉ាកវ៉េវឆ្លាម ពណ៌ខ្មៅ ស្ទាក់កាប់ទៅលើជនរងគ្រោះឈ្មោះ ឃឿន អឿន ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។ពេលកំពុងជិះម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ បណ្តាលឲ្យស្លាប់ភ្លាម។នៅកន្លែងកើតហេតុ។
បន្ទាប់ពីធ្វើសកម្មភាពរួចជនសង្ស័យទាំង០២នាក់បានរត់គេចខ្លួន ដោយបន្សល់ទុកវត្ថុតាងរួមមាន ដាវចំនួន១, កាំបិតផ្គាក់១និងដំបងឈើចំនួន១។ក្រោយពីមានហេតុការណ៍នេះកើតឡើង។ ដោយអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, លោកវរសេនីយ៍ឯក ហែម បូណា និងលោកវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយកម្លាំងជំនាញនិងស្នងការដ្ឋាននគរបាលខេត្តក្រចេះសហការចាមួយនគរបាលខេត្តមណ្ឌលគិរីក៏ស្រាវជ្រាវយ៉ាងយកចិត្តទុក ដាក់រហូតកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យដែលបានប្រព្រឹត្តបទល្មើសខាងលើ។
មកដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤កម្លាំងជំនាញបានបន្តដឹកនាំសហការឈានដល់ការចាប់ខ្លួនបានជនសង្ស័យចំនួន២នាក់ នៅភូមិខ្មុំម ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី រួមមាន៖
*ទី១៖ ឈ្មោះ ឌួង ឡង់ឌី (ហៅភួង) ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិស្រែថ្មី ឃុំខ្សឹម ស្រុកស្នួល ខេត្តក្រចេះ
*ទី២៖ ឈ្មោះ សឿន មិថុនា (ហៅខ្មៅ) ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិស្រែថ្មី ឃុំខ្សឹម ស្រុកស្នួល ខេត្តក្រចេះ។
តាមចម្លើយរបស់ជនសង្ស័យទាំង០២នាក់ខាងលើ បានឆ្លើយសារភាពថា នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១៦៖១០នាទី ពួកខ្លួនពិតជាបានធ្វើសកម្មភាព កាប់ទៅលើជនរងគ្រោះ ឈ្មោះ ឃឿន អឿន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ប្រាកដមែន។ មូលហេតុដោយសារតែកន្លងមកជនរងគ្រោះបានធ្វើសកម្មភាពកាប់មកលើពួកខ្លួន ទើបពួកខ្លួនមានការគុំគួន រហូត ដល់មានករណីខាងលើកើតឡើង។
បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌប្រគល់ឱ្យស្នងការដ្ឋាននគរបាលខេត្តក្រចេះ ជាម្ចាស់ករណីដើម្បីកសាងសំណុំរឿងបន្តតាមនីតិវិធី៕