កាលពីព្រឹកថ្ងៃអង្គារ ទី៧ខែមករា ឆ្នាំ២០២៥ គ្រោះរញ្ជួយដីកម្រិតធ្ងន់មួយ បានវាយប្រហារលើប្រទេសចិន ធ្វើឲ្យចំនួនអ្នកស្លាប់កើនដល់ជិត១០០នាក់។
ប្រភពពីសារព័ត៌មាន AFP។
មជ្ឈមណ្ឌលតាមដានគ្រោះរញ្ជួយដីនៃប្រទេសចិន CENC បានរាយការណ៍ថា គ្រោះរញ្ជួយដីមួយមានកម្រិត ៦.៨រ៉ិចទ័រ បានអង្រួន ស្រុក Dingri នៃតំបន់ Tibet កៀកនឹងព្រំប្រទល់ ជាមួយប្រទេសនេប៉ាល់ កាលពីវេលាម៉ោង៩៖០៥នាទីព្រឹក (ម៉ោងនៅក្នុងតំបន់) និងមានជម្រៅ១០គីឡូម៉ែត្រ ខណៈទីភ្នាក់ងារអាមេរិក USGA បានរាយការណ៍ថា គ្រោះរញ្ជួយដីនោះ មានកម្រិត៧.១រ៉ិចទ័រ។
ទីភ្នាក់ងារព័ត៌មានចិន Xinhua ដោយផ្អែកលើប្រភពពីអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយក្នុងតំបន់ បានរាយការណ៍ថា មកទល់ពេលនេះ មនុស្សចំនួនយ៉ាងហោច៩៥នាក់ហើយ ត្រូវបញ្ជាក់ថា បានបាត់បង់ជីវិត ខណៈអ្នករងរបួសកើនដល់១៣០នាក់ អំឡុងការវាយប្រហារនៃគ្រោះរញ្ជួយដី ដែលបានកើតឡើងនៅទីក្រុង Xigaze ក្នុងស្រុក Dingri នៃតំបន់ស្វយ័ត Xizang ឬហៅថា Tibet៕