(ភ្នំពេញ)៖ នៅយប់ទី១៩.១២.២០២៣ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
បានធ្វើការអំពាវនាវដល់ជនសង្ស័យដែលជាអ្នកបើករថយន្ដ Jeep បង្ករគ្រោះថ្នាក់ចរាចរណ៍ នៅខណ្ឌទួលគោក ឬ អាណាព្យាបាល សូមនាំកូនប្រុស មកសារភាព និងបង្ហាញខ្លួន
នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី។
ស្នងការនគរបាលរាជធានីភ្នំពេញ ប្រកាសថា កុំរត់គេចខ្លួនបែប
នេះវាមិនអាចគេចពីផ្លូវច្បាប់មួយជីវិតបានទេ។
សមត្ថកិច្ចមិនដកដៃក្នុងការអនុវត្តន៍ច្បាប់ចំពោះករណីនេះបានទេ(ដីកាបញ្ជាឱ្យចូលខ្លួនរបស់លោកព្រះរាជអាជ្ញា បើនៅតែបន្តគេចខ្លួន សមត្ថកិច្ចនិងបន្តសុំដីកាតាមរកចាប់ខ្លួនបន្តទៀតហើយ)។
ការអំពាវនាវពីសំណាក់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ នៅពេលនេះ។
បន្ទាប់ពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ចេញដីកាបញ្ជាឱ្យ អ្នកបើករថយន្ដ Jeep ដែលបុកបុរសម្នាក់ស្លាប់ នៅខណ្ឌទួលគោក កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ចូលខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។
ក្នុងនោះតំណាងអយ្យការ ក៏បានកំណត់ឲ្យជនបង្កឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា អាយុ២៣ឆ្នាំ បង្ហាញខ្លួន នៅតុលាការឲ្យបានមុនថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ នៅរៀងរាល់ម៉ោងធ្វើការ។
ដោយថែមទាំង អនុញ្ញាតឲ្យមន្ដ្រីនគរបាលយុត្តិធម៌ ប្រើប្រាស់កម្លាំងសាធារណៈ ដើម្បីបង្ខំឲ្យបុគ្គល ព្រហ្ម វិចិត្រសុសក្ដា ចូលបង្ហាញខ្លួនផងដែរ។
ពាក់ព័ន្ធគ្រោះថ្នាក់ចរាចរណ៍នេះ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានណែនាំឲ្យ លោកព្រះរាជអាជ្ញារាជធានីភ្នំពេញ ធ្វើការពិនិត្យស្រាវជ្រាវ និងធ្វើការដោះស្រាយឲ្យបានត្រឹមត្រូវ និងម៉ឹងម៉ាត់តាមផ្លូវច្បាប់។
គួរម្លឹកថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ រវាងរថយន្ត Jeep ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2CB-9963 និងម៉ូតូ ត្រង់ចំណុចផ្លូវប្រសព្វ លើផ្លូវលេខ៣១៧ ប្រសព្វផ្លូវលេខ៥៦៦ ភូមិ៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បណ្ដាលឲ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈអ្នកបើករថយន្ដគេចខ្លួនបាត់ពីកន្លែង៕