កាលពីថ្ងៃសុក្រ(ទី១៧ខែមករា) ក្រសួងការពារជាតិរុស្ស៊ី និយាយថា ប្រទេសអ៊ុយក្រែន បានបើកការវាយប្រហារ ទៅលើតំបន់ Belgorod របស់រុស្ស៊ី ដោយមីស៊ីលអាតាខម(ATACMS) ផលិតដោយអាមេរិកចំនួន៦គ្រាប់ កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា។
ក្រសួងនិយាយថា រុស្ស៊ីនឹងសងសឹក ប៉ុន្តែមីស៊ីលទាំងអស់នោះត្រូវបានស្ទាក់ចាប់ ហើយពុំបណ្តាលឱ្យមានអ្នកស្លាប់ឬរងរបួស ឬខូចខាតអ្វីឡើយ។
ទីក្រុងមូស្គូ និយាយថា ខ្លួននឹងឆ្លើយតបគ្រប់ពេលដែលអ៊ុយក្រែនបាញ់មីស៊ីល ATACMS ឬ មីស៊ីល Storm Shadow ផ្គត់ផ្គង់ដោយចក្រភពអង់គ្លេស ចូលទៅក្នុងប្រទេសរុស្ស៊ី។
អ៊ុយក្រែន បានប្រើប្រាស់អាវុធទាំងនោះជាលើកដំបូង ដើម្បីវាយប្រហារលើទឹកដីរុស្ស៊ី កាលពីខែវិច្ឆិកា បន្ទាប់ពីទទួលបានការអនុញ្ញាតពីក្រុងវ៉ាស៊ីនតោន និងទីក្រុងឡុងដ៍។
រុស្ស៊ី បានឆ្លើយតបដោយបាញ់មីស៊ីលល្បឿនលឿនជាងសំឡេងរយៈចម្ងាយមធ្យមថ្មី Oreshnik និងបាននិយាយថា ខ្លួនអាចនឹងធ្វើដូច្នេះម្តងទៀត។
ក្រសួងការពារជាតិ បាននិយាយថា ក្នុងរយៈពេលមួយសប្តាហ៍កន្លងទៅនេះ រុស្ស៊ីបានបាញ់ទម្លាក់ មីស៊ីល ATACMS ចំនួន១២គ្រាប់ មីស៊ីលStorm Shadows ចំនួន៨គ្រាប់ រ៉ុក្កែតHIMARS របស់អាមេរិកចំនួន៤៨គ្រាប់ គ្រាប់បែកស៊ីបគោលដៅ Hammer ផលិតដោយប្រទេសបារាំងចំនួន៧ និងយានដ្រូនចំនួន៧៤៧គ្រឿងផងដែរ៕