Update៖ ទាហានកូរ៉េខាងជើង បាត់មុខពីតំបន់ Kursk ចាប់តាំងពីពាក់កណ្ដាល ខែមករា!

នៅថ្ងៃអង្គារ(ទី៤ ខែកុម្ភៈ) ទីភ្នាក់ងារសម្ងាត់កូរ៉េខាងត្បូងនិយាយថាទាហានកូរ៉េខាងជើងដែលបានដាក់ពង្រាយកម្លាំងជួយដល់កងទ័ពរុស្ស៊ីនៅឯសមរភូមិក្នុងតំបន់ Kursk បានបាត់មុខចេញពីសមរភូមិប្រយុទ្ធចាប់តាំងពីពាក់កណ្ដាល ខែមករា បន្ទាប់ពីអ៊ុយក្រែន បានអះអាងថាទាហានកូរ៉េខាងជើងបានដកថយក្រោយស្លាប់និងរបួសជាច្រើន។
ប្រភពពីសារព័ត៌មានAFP។

សេវាស៊ើបការណ៍សម្ងាត់ជាតិកូរ៉េខាងត្បូង បានឱ្យដឹងថា «ចាប់តាំងពីខែមករាមក ទាហានកូរ៉េខាងជើងដែលត្រូវបានដាក់ពង្រាយទៅកាន់តំបន់ Kursk របស់រុស្ស៊ី មិនបានចូលរួមក្នុងការប្រយុទ្ធ នោះទេ…ហើយមានហេតុផលមួយ នោះគឺដោយសារតែអាចមកពីមានទាហានស្លាប់ និងរងរបួសច្រើនពេក។ ប៉ុន្តែ ព័ត៌មានលម្អិតកំពុងស្ថិតក្រោមការតាមដាននៅឡើយ»។
យោធាអ៊ុយក្រែន បាននិយាយកាលពីថ្ងៃសុក្រសប្ដាហ៍មុនថាខ្លួនជឿជាក់ទាហានកូរ៉េខាងជើងដែលត្រូវបានដាក់ពង្រាយទៅកាន់សមរភូមិមុខក្នុងតំបន់ Kursk បានបាត់មុខពីការប្រយុទ្ធ ក្រោយ មានទាហានស្លាប់ និងរងរបួសជាច្រើននាក់។ តាមចារកម្មលោកខាងលិច កូរ៉េខាងត្បូង និងអ៊ុយក្រែន ទីក្រុងព្យុងយ៉ាងបានដាក់ពង្រាយទាហានជាង ១០ ០០០នាក់ ទៅជួយជាកម្លាំងដល់ កងទ័ពរុស្ស៊ីដើម្បីវាយបណ្ដេញកងទ័ពអ៊ុយក្រែននៅក្នុងតំបន់ Kursk ស្ថិតនៅភាគខាងលិចនៃប្រទេសរុស្ស៊ីជាទីដែលកងទ័ពអ៊ុយក្រែនបានបើកប្រតិបត្តិការវាយលុក និងដណ្ដើមគ្រប់គ្រងបាន ទឹកដីមួយចំនួនចាប់តាំងពីខែសីហា ឆ្នាំមុនមក។
ទាំងមូស្គូ និងព្យុងយ៉ាងមិនបានទទួលស្គាល់ជាផ្លូវការពីការដាក់ពង្រាយទាហានកូរ៉េខាងជើងនោះទេ។ ប៉ុន្តែ ប្រទេសទាំង២ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយក្នុងនោះរួមមានការឯកភាព ជួយការពារគ្នាទៅវិញទៅមកតាមមធ្យោបាយយោធាទៅវិញ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version