ចិន បានជឿជាក់ថា ភាគីពាក់ព័ន្ធទាំងអស់ នឹងចូលរួមក្នុងកិច្ចចរចាសន្តិភាព ក្នុងជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន។
ប្រភពពីសារព័ត៌មាន Reuters។
នាឱកាសចូលរួមសន្និសីទសន្តិសុខ ក្នុងទីក្រុង Munich កាលពីថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ លោក វ៉ាង យី បាននិយាយថាចិនសង្ឃឹមថា គ្រប់ភាគីពាក់ព័ន្ធក្នុងជម្លោះអ៊ុយក្រែន នឹងមានវត្តមាននៅឯកិច្ចចរចាសន្តិភាព។
ចិនមានការយល់ឃើញលើកិច្ចប្រឹងប្រែងទាំងឡាយ ដើម្បីសន្តិភាពដោយភាពវិជ្ជមាន ក្នុងនោះរួមមានទាំងកុងសង់ស៊ីសដែលសម្រេចបានដោយសហរដ្ឋអាមេរិក និងរុស្ស៉ី លើកិច្ចចរចាសន្តិភាព នេះជាការបញ្ជាក់បន្ថែមរបស់ប្រមុខការទូតចិន។
តាមលោក វ៉ាង យី ដោយសារតែសង្រ្គាមអ៊ុយក្រែនកើតឡើងនៅលើទឹកដីអឺរ៉ុប ដូច្នេះវាចាំបាច់ត្រូវតែមានការចូលរួមពីអឺរ៉ុបនៅឯតុចរចាស្វែងរកសន្តិភាព ដើម្បីដោះស្រាយឫសគល់នៃវិបត្តិ ស្វែងរក តុល្យភាព ក្របខណ្ឌសន្តិសុខប្រកបដោយប្រសិទ្ធិភាព និងចីរភាព ព្រមទាំងដើម្បីសម្រេចឱ្យបាននូវសន្តិភាពយូរអង្វែង និងស្ថិរភាពនៅអឺរ៉ុប៕