កាលពីថ្ងៃចន្ទ(ទី១៧ខែកុម្ភៈ) ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយថា ច្រកសមុទ្រតៃវ៉ាន់ មិនស្ថិតនៅក្នុងដែនអធិបតេយ្យរបស់ចិននោះឡើយ ហើយការប៉ុនប៉ងដោយចេតណានានារបស់ចិនមុខជានឹងបង្កការគំរាមកំហែងពិតប្រាកដមួយ ចំពោះសន្តិសុខសកលមិនខាន។
ប្រភពពីព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥។
ក្រសួងការពារជាតិកោះតៃវ៉ាន់ បានបន្តថា សុខសន្តិភាពនិងស្ថិរភាព នៅច្រកសមុទ្រតៃវ៉ាន់ មិនមែនត្រឹមជារឿងសំខាន់សម្រាប់តៃវ៉ាន់ផ្ទាល់ ប៉ុណ្ណោះនោះទេ ប៉ុន្តែក៏ជាក្តីកង្វល់រួមមួយ សម្រាប់ប្រទេសសេរីនិងប្រជាធិបតេយ្យនានា នៅជុំវិញពិភពលោក ផងដែរ។ ការចេញ សេចក្តីថ្លែងការណ៍បែបនេះ របស់ក្រសួងការពារជាតិតៃវ៉ាន់ កើតមានឡើង បន្ទាប់ពីចិនបានថ្កោលទោស ការធ្វើដំណើរឆ្លងកាត់ របស់នាវាចម្បាំងកាណាដា នៅច្រកសមុទ្រតៃវ៉ាន់ ក្នុងសប្តាហ៍នេះ។
សូមបញ្ជាក់ថា ចិនចាត់ទុក កោះតៃវ៉ាន់ ជាផ្នែកនៃទឹកដីរបស់ខ្លួន ដូច្នេះហើយ ច្រកសមុទ្រតៃវ៉ាន់ ក៏ត្រូវចាត់ទុក ស្ថិតក្រោមដែនយុត្តាធិការរបស់ប្រទេសចិន ដែរ។ ទោះជាបែបនេះក្តី សហរដ្ឋអាមេរិក និងតៃវ៉ាន់ផ្ទាល់ អះអាងថា ច្រកសមុទ្រនេះ គឺជាដែនទឹកអន្តរជាតិ៕