(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ រ៉ូណាល់ ខ្លាក (RONALD P. CLARK) មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិក ប្រចាំប៉ាស៊ីហ្វិក (USARPAC) នឹងអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់កងទ័ពជើងគោកនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥។
ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ រ៉ូណាល់ ខ្លាក នឹងអញ្ជើញចូល ជួបសម្តែងការគួរសមជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, ឯកឧត្តម នាយឧត្តម- សេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ។
ឯកឧត្តម នាយឧត្តមសេនីយ៍ រ៉ូណាល់ ខ្លាក នឹងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តម នាយឧត្តម- សេនីយ៍ ម៉ៅ សុផាន់ នៅទីបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក ដែលឯកឧត្តមមេបញ្ជាការទាំងពីរនឹង ពិភាក្សាស៊ីជម្រៅ ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយោធា សំដៅកសាងទំនុកចិត្ត និងការជឿជាក់ក្នុងវិស័យការពារជាតិរវាងប្រទេសទាំងពីរ។
ដំណើរទស្សនកិច្ចរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ រ៉ូណាល់ ខ្លាក នៅពេលនេះ គឺស្របពេលខួប លើកទី៧៥ ទំនាក់ទំនងការទូតប្រទេសទាំងពីរ កម្ពុជា-សហរដ្ឋអាមេរិក ហើយក៏ជាលើកទី២ដែលមេបញ្ជាការ កងទ័ពជើងគោកសហរដ្ឋអាមេរិក ប្រចាំប៉ាស៊ីហ្វិក អញ្ជើញបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ដែលលើក ទី១ គឺដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ វ៉ីនសេន ប៊្រុក (VINCENT BROOKS) នៅក្នុងឆ្នាំ២០១៤៕