(ភ្នំពេញ)៖ កាលពីរសៀលទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំសិក្សាចាស់ឆ្នាំ២០២៣-២០២៤ និងលើកទិសដៅការងារឆ្នាំសិក្សាថ្មីឆ្នាំ២០២៤-២០២៥ របស់ក្រសួងអប់រំ យុវជន និងកីឡា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
ការងារអប់រំជាកិច្ចការអាទិភាពបំផុតរបស់រាជរដ្ឋាភិបាល ចាប់តាំងពីក្រោយរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្នុងនីតិកាលចាស់ជាច្រើនអាណត្តិកន្លងទៅ បានប្រឹងប្រែងយ៉ាងខ្លាំងក្លាក្នុងការស្តារវិស័យអប់រំចេញពីគំនរផេះនៃភ្លើងសង្គ្រាម និងជំរុញការបណ្តុះពុទ្ធិចំណេះជំនាញគ្រប់បែបយ៉ាងជូនដល់កូនចៅប្រជាពលរដ្ឋខ្មែរ។
រាជរដ្ឋាភិបាលនីតិកាលថ្មី នីតិកាលទី៧ ដឹកនាំដោយសម្តេចធិបត បន្តប្រកាន់ខ្ជាប់នូវស្មារតីនៃការកសាងមូលធនមនុស្សប្រកបដោយថាមពល ដើម្បីរួមចំណែកកសាងសង្គមកម្ពុជាឈានឆ្ពោះទៅកាន់គោលដៅឆ្នាំ២០៥០ ជាប្រទេសអភិវឌ្ឍន៍។
ឈរលើស្មារតីនេះហើយទាំងក្នុងរាជរដ្ឋាភិបាលនីតកាលចាស់ និងក្នុងនីតីកាលថ្មី សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មិនដែលរំលងនោះឡើយក្នុងការអញ្ជើញជាអធិបតីក្នុងកម្មវិធីសន្និបាតប្រចាំឆ្នាំ ក៏ដូចជាកម្មវិធីសំខាន់ៗនានារបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីយកឱកាសនេះ បានប្រកាសបង្ហាញគោលនយោបាយរបស់រាជរដ្ឋាភិបាលលើការងារអប់រំ ក៏ដូចជាដាក់ចេញនូវអនុសាសន៍ណែនាំដល់ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំ រួមគ្នាលើកតម្កើងការអប់រំ និងធ្វើឱ្យការអប់រំកាន់តែមានប្រសិទ្ធភាពខ្ពស់។
សន្និបាតក្រសួងអប់រំ យុវជន និងកីឡា ធ្វើឡើងរយៈពេល៣ថ្ងៃ ដោយចាប់ផ្តើមពីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥។
សន្និបាតនេះ បានធ្វើឡើងក្រោមប្រធានបទ អភិវឌ្ឍមូលធនមនុស្សឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។
សន្និបាតនេះ មានគោលដៅប្រមូលផ្តុំអ្នកអប់រំ និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីរួមគ្នាពិនិត្យឡើងវិញឱ្យគ្រប់ជ្រុងជ្រោយអំពីវឌ្ឍនភាពរបស់វិស័យអប់រំ យុវជន និងកីឡា ដែលសម្រេចបានក្នុងឆ្នាំកន្លងទៅ ក៏ដូចជាលើកទិសដៅការងារសម្រាប់ឆ្នាំបន្ទាប់ និងជាឱកាសមួយឆ្លុះបញ្ចាំងអំពីការចូលរួមរបស់ក្រសួងអប់រំ យុវជន និងកីឡាក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា។
សន្និបាតអប់រំប្រចាំឆ្នាំ២០២៥ រយៈពេល៣ថ្ងៃនេះ បានផ្សព្វផ្សាយជាសាធារណៈនូវរបាយការណ៍ស្តីពីលទ្ធផលការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០២៣-២០២៤, វេទិកាពិភាក្សាជាច្រើនជុំវិញឧត្តមានុវត្តន៍ និងនវានុវត្តន៍ក្នុងវិស័យអប់រំ, ការធ្វើបទបង្ហាញស្តីពីសាលារៀនឌីជីថលកម្ពុជា និងការប្រកាសដាក់ឱ្យអនុវត្តសាលារៀនឌីជីថលកម្ពុជា។
ក្នុងឱកាសសន្និបាតអប់រំនេះដែរ ក្រសួងបានប្រកាសទទួលស្គាល់សាលារៀនចំនួន ១៤៤ជាប់ស្តង់ដាសាលារៀនគំរូ រួមមាន សាលាមត្តេយ្យសិក្សា២៤ សាលាបឋមសិក្សា ៥០ អនុវិទ្យាល័យ៥ វិទ្យាល័យ៦០ និងសាលាគរុកោសល្យ៥ ដោយក្រសួងលើកចិត្តឱ្យ សាលារៀនទាំង១៤៤ និងសាលារៀនដទៃទៀត បន្តធ្វើការកែលម្អ និងអនុវត្តឱ្យបានពេញលេញនូវស្តង់ដាសាលារៀនគំរូនៅឆ្នាំបន្តបន្ទាប់ទៀត។
ក្នុងថ្ងៃបើកសន្និបាត លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋក្រសួអប់រំ យុវជន និងកីឡា បានគូសរំលេចពីសមិទ្ធផលសំខាន់ៗ ជាច្រើនក្នុងរយៈពេល ១ឆ្នាំកន្លងមកនេះ របស់ក្រសួងអប់រំ យុវជន និងកីឡា ឆ្លើយតបនឹងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ មុំទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា។
សមិទ្ធផលទាំងនោះបានជាប់ពាក់ព័ន្ធជាសំខាន់ទៅលើកិច្ចការអប់រំមានជាអាថទិ៍៖១ លទ្ធផលនៃកម្មវិធីរង្វាយតម្លៃលទ្ធផលសិក្សាជាអន្តរជាតិ (PISA) ផ្តោតលើពិន្ទុមធ្យមនៃមុខវិជ្ជាអំណាន គណិតវិទ្យា និងវិទ្យាសាស្រ្ត។
២ ការអនុវត្តស្តង់ដាសាលារៀនគំរូ និងការបន្តពង្រឹងគុណភាពអប់រំ។
៣ ការអនុវត្តអំណាន និងគណិតវិទ្យាថ្នាក់ដំបូង ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់របស់សិស្សនៅបឋមសិក្សានិងភូមិសិក្សាបន្តបន្ទាប់។
៤ ការកែលម្អកម្មវិធីសិក្សា អភិវឌ្ឍសៀវភៅសិក្សា និងបង្កើនម៉ោងសិក្សា។
៥ ការអនុវត្តកម្មវិធីក្រៅម៉ោងសិក្សា និងការបង្រៀន-រៀនពេញមួយថ្ងៃ។
៦ ការអនុវត្តវិធីសាស្ត្របង្រៀនថ្មីដែលបានអនុវត្តនៅសាលារៀនជំនាន់ថ្មី ។
៧ កំណែទម្រង់ការបណ្តុះបណ្តាលគ្រូបង្រៀន។
៨ ផែនការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យអប់រំ បង្កើតយន្តការតម្រង់ទិសការងារ និងការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ ការជំរុញការអនុវត្តគន្លងអាជីព ។
៩ ការលើកកម្ពស់ការអប់រំឌីជីថល។
១០ ការលើកកម្ពស់សុខភាពសិក្សា និងការបង្កើនអាហារូបករណ៍ ។
១១ ការពង្រឹងអភិបាលកិច្ចគ្រឹះស្ថានឧត្តមសិក្សា និងការលើកកម្ពស់ការស្រាវជ្រាវ ។
១២ ការលើកកម្ពស់វិស័យកីឡាផ្សារភ្ជាប់នឹងការអប់រំ និងការបន្តជំរុញចលនា យុវជនម្នាក់ចេះលេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត។
១៣ កំណែទម្រង់មុខងារសាធារណៈ៕