កាលពីថ្ងៃព្រហស្បតិ៍(ទី២៧ ខែកុម្ភៈ) ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa បាននិយាយថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលពិសេសមួយរបស់សហភាពអឺរ៉ុប(EU) នៅថ្ងៃទី៦ ខែមីនា ដើម្បីជជែកអំពីបញ្ហាផ្តល់ការធានាសន្តិសុខសម្រាប់អ៊ុយក្រែន។
ប្រភពពីសារព័ត៌មានReuters។
បើតាមលោក Costa កិច្ចពិភាក្សានាសប្តាហ៍ក្រោយ នៅទីក្រុងព្រុចសែល នឹងផ្តោតលើការគាំទ្រទីក្រុងកៀវ និងការពង្រឹងសមត្ថភាពការពារជាតិរបស់អឺរ៉ុប ហើយសង្ឃឹមថា នឹងអាចសម្រេចបាន ការព្រមព្រៀងលើការផ្តល់សព្វាវុធថ្មីៗបន្ថែមទៀត ឱ្យទៅអ៊ុយក្រែន។ លោក Costa បាននិយាយថា លោកបានអញ្ជើញលោក ហ្សេលេនស្គី ចូលរួមកិច្ចប្រជុំនេះ ដើម្បីជជែកអំពីស្ថានការណ៍វិវត្តន៍ចុងក្រោយ ហើយ EU និងបណ្តារដ្ឋជាសមាជិក ត្រៀមលក្ខណៈជាស្រេច ដើម្បីទទួលយកការទទួលខុសត្រូវធំជាងមុន សម្រាប់សន្តិសុខនៃទ្វីបអឺរ៉ុប៕