(ព្រៃវែង)៖ ថ្លែងក្នុងបទសម្ភាសន៍ជាមួយ(ដើមរាំង)នៅថ្ងៃទី០៩.០៣.២០២៥ លោក ជា ឈុនលី មេឃុំកោះរកាបានទទួលស្គាល់ថា ក្រុមហ៊ុនលោក លឹម ហុងសែ នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិកោះរកា ពិតជាបានយកផ្លូវធ្វើអាជីវកម្មនិងធ្វើរបងថ្មបិទផ្លូវប្រាកដមែន..!!។
បើតាមលោកមេឃុំ ការយកដីផ្លូវមកធ្វើអាជីវកម្មនិងធ្វើរបងថ្មបិទផ្លូវពីសំណាក់លោកវរសេនីយ៍ឯក លឹម ហុងសែ នៅពេលនេះ។
ក៏ព្រោះតែលោក លឹម ហុងសែ បានស្នើសុំយកដីផ្លូវដើម្បីអាស្រ័យផល ពង្រីកកន្លែងផ្ញើម៉ូតូ ខណៈឯកសារនៃការស្នើសុំនោះ គឺបានបញ្ជូនដល់ខេត្តហើយ ប៉ុន្តែមិនទាន់ធ្លាក់មកវិញ..!។
-ចំពោះសំនួរថា បើច្បាប់មិនទាន់អនុញ្ញាតផង ហេតុអ្វីបានជាធ្វើរបងបិទផ្លូវ…?។
-ត្រង់ចំណុចនេះលោកមេឃុំ បានឆ្លើយថា ជាតម្រូវការរបស់ក្រុមហ៊ុនលោក លឹម ហុងសែ ដោយពង្រីកទីតាំងនិងបិទផ្លូវ ដើម្បីសុវត្ថិភាពកន្លែងចតម៉ូតូ របស់កម្មករ(បេនស្រូវ) ក្នុងនោះប្រសិនបើរដ្ឋបាលខេត្ត.មិនអនុញ្ញាតឱ្យទេ នឹងបើកផ្លូវជូនវិញ!!។
សូមជម្រាបថា ផ្លូវ១ខ្សែនេះមានទីតាំងត្រង់ចំណុចខាងជើង ច្រកទ្វារព្រំដែនអន្តរជាតិកោះរកា ប្រហែល៦០០ម៉ែត្រ.ជាផ្លូវយុទ្ធសាស្រ្តសម្រាប់ឡើងចុះទន្លេមេគង្គ ដែលមានបណ្ដោយពីកើតទៅលិច ទទឹងប្រហែល៥ម៉ែត្រ ស្ថិតក្នុងឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង។
សេចក្តីរាយការណ៍បានឱ្យ(ដើមរាំង)ដឹងថា ថ្មីៗនេះលោកវរសេនីយ៍ឯក លឹម ហុងសែ បានទិញដីអតីតកាស៊ីណូចាស់ដែលគេទុកចោលត្រង់ចំណុចខាងលើ ដើម្បីធ្វើ(បេនស្រូវ)ហើយដីនេះ ខាងត្បូងជាប់នឹងផ្លូវចុះទន្លេតែម្ដង។
ជាមួយគ្នានោះលោក លឹម ហុងសែ ក៏បានរុះរើអគារកាស៊ីណូចេញ.ក្នុងបំណងសំអាតទីតាំងបរិវេណ សម្រាប់(បេនស្រូវ)។
មិនតែប៉ុណ្ណោះ លោក លឹម ហុងសែ ថែមទាំងបានវាយកម្ទេចរបងថ្ម ដែលនៅខាងត្បូងជាប់និងផ្លូវសាធារណៈ រួចវាតទីរំលោភយកផ្លូវទាំងស្រុង!!។
ប្រភពបន្តថា ក្រោយវាតទីរំលោភយកបានហើយ លោក លឹម ហុងសែ ក៏បានសាងសង់របងថ្មបិទផ្លូវ ភ្ជាប់ពីព្រំដីរបស់ខ្លួន មកទល់និងរបងថ្ម.ដែលនៅខាងត្បូងផ្លូវតែម្ដង!។
សមត្ថកិច្ចនៅតំបន់នោះ បានអះអាងថា សកម្មភាពរបស់លោកវរសេនីយ៍ឯក លឹម ហុងសែ ខាងលើគឺជាចេតនាអាក្រក់ ដែលមិនអាចទទួលយកបាន..!។
-ត្បិតផ្លូវ១ខ្សែនេះ ពុំសូវមានពលរដ្ឋធ្វើដំណើរឆ្លងកាត់ក៏ពិតមែន ប៉ុន្តែវាជាផ្លូវយុទ្ធសាស្រ្តដ៏សំខាន់ សម្រាប់ឡើងចុះទន្លេ ឬតាមដានឃ្លាំមើលបទល្មើសផ្សេងៗ តាមព្រំដែនកម្ពុជាវៀតណាម…!។
ក្នុងនោះ ប្រសិនបើអាជ្ញាធរ នៅតែបណ្ដែតបណ្ដោយឱ្យលោក លឹម ហុងសែ រំលោភយកផ្លូវតាមតែអំពើចិត្ត ដោយធ្វើរបងបិទជិតបែបនេះ តើមានផ្លូវឯណា សម្រាប់តាមឃ្លាំមើលបទល្មើសតទៅទៀត..?។
-ដោយឡែក អ្នកនៅព្រំដែនកោះរកា បានអះអាងថា លោកវរសេនីយ៍ឯក លឹម ហុងសែ ពុំមែនចេះតែហ៊ានយកដីផ្លូវ ដោយចិត្តឯងនោះទេ ខណៈលោកជាមនុស្សល្អនិងជួយសង្គម។
ពោលគឺ ការយកផ្លូវនេះ ដោយផ្អែកថា ដើម្បីពង្រីកកន្លែងផ្ញើម៉ូតូឱ្យធំទូលាយ.ម្យ៉ាងវិញទៀត ផ្លូវ១ខ្សែនេះ គឺទុកចោលយូរហើយ ដោយពលរដ្ឋពុំសូវធ្វើដំណើរឆ្លងកាត់នោះទេ និងមានការឯកភាពឱ្យយកពីសំណាក់ឃុំនិងស្រុក.ជាថ្នូរនឹងការសាងសង់ សមិទ្ធផលផ្សេងៗក្នុងឃុំ..!។
-ដើម្បីឱ្យមានចម្លើយទាំងសងខាងនៅថ្ងៃទី០៩.០៣.២០២៥(ដើមរាំង)បានសុំការបំភ្លឺពីលោកវរសេនីយ៍ឯក លឹម ហុងសែ នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិកោះរកាប៉ុន្តែទូរស័ព្ទចូលហើយលោកមិនទទួល.!។
រីឯលោក កែវ ជា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិកោះរកាក៏មិនអាចសុំការបំភ្លឺបានដែរ ខណៈទូរស័ព្ទចូលហើយលោកមិនទទួលដូចគ្នា.!។
-ចំណែកលោក វ៉ា ធីម អភិបាលស្រុកពាមជរបានថ្លែងថា លោកមិនដឹងទេចំពោះករណីខាងលើ ហើយលោកក៏គ្មានសិទ្ធិឱ្យគេបិទផ្លូវអ្វីដែរ។
ក្នុងនោះលោក វ៉ា ធីម ក៏បានរុញឱ្យទៅសួររដ្ឋបាលឃុំជំនួសវិញ។
-ចំពោះលោកមេឃុំកោះរកា គឺបានលើកឡើង ដូចខាងលើហើយ..!!។
ជុំវិញរឿងនេះសមត្ថកិច្ចពាក់ព័ន្ធ សុំស្នើយ៉ាងទទូចដល់ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង.ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាពិសេសសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មេត្តាពិនិត្យចាត់វិធានការ បើកផ្លូវខាងលើវិញដោយក្ដីអនុគ្រោះ ព្រោះថាផ្លូវ១ខ្សែនេះ ជាផ្លូវយុទ្ធសាស្រ្ត សម្រាប់ឃ្លាំមើល បទល្មើសតាមព្រំដែន៕