ក្នុងរបបប្រជាធិបតេយ្យ គឺទទួលស្តាប់មតិភាគតិច តែការសម្រេចនៅលើមតិភាគច្រើន!

(ភ្នំពេញ)៖ កម្ពុជាប្រកាន់យករបបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស ដោយយកការបោះឆ្នោតជាយន្តការសម្រេចក្នុងការជ្រើសរើសមេដឹកនាំ។

ការបោះឆ្នោតត្រូវធ្វើឡើងជាទៀងទាត់រយៈពេល៥ឆ្នាំម្តង ទាំងថ្នាក់ជាតិ និងក្រោមជាតិដោយកំណត់យកមតិភាគច្រើនជាអ្នកឈ្នះនិងដឹកនាំប្រទេស។

ដំណើរការប្រជាធិបតេយ្យបាននិងកំពុងប្រព្រឹត្តទៅយ៉ាងរលូនប្រកបដោយសុខសន្តិភាព និងកាន់តែចាក់គ្រឹះរឹងមាំជាលំដាប់នៅលើទឹកដីកម្ពុជា។

ក្នុងរបបប្រជាធិបតេយ្យ គេទទួលស្តាប់មតិភាគតិច តែការសម្រេចគឺនៅលើមតិភាគច្រើនមានន័យថាគ្មានក្រុមណាមួយត្រូវបានទាត់ចោលទេ។ អ្នកនៅក្នុងក្រុមមតិភាគតិចក៏មានសិទ្ធិបញ្ចេញមតិ និងលើកពីសំណូមពរនានាបានដែរ។
ប្រសិនបើមតិយោបល់ឬសំណូមពរទាំងនោះសមហេតុផល ក្រុមមតិភាគច្រើនអាចយកទៅពិចារណាដើម្បីជាធាតុចូលឬដោះស្រាយតាមការជាក់ស្តែង។

ប៉ុន្តែប្រសិនបើមតិយោបល់នោះមិនសមហេតុផលឬគ្រាន់តែដើម្បីបម្រើមហិច្ឆតានយោបាយផ្ទាល់ខ្លួនដូចដែលក្រុមមនុស្សមួយចំនួនបានធ្វើ គ្មានការចាំបាច់ដែលត្រូវលើកយកមកពិចារណាឡើយ។

នៅកម្ពុជា មានមនុស្សមួយចំនួនតូច ជាពិសេសក្រុមដែលប្រកាន់មនោគមន៍វិជ្ជាជ្រុលនិយមហួសហេតុ ហាក់ដូចជាកំពុងវង្វេងនៅលើវិថីប្រជាធិបតេយ្យនេះ ដោយពួកគេហៅខ្លួនឯងថា «អ្នកប្រជាធិបតេយ្យ» ប៉ុន្តែ អ្វីដែលពួកគេធ្វើផ្ទុយស្រឡះពីគន្លងប្រជាធិបតេយ្យ។ ជាក់ស្តែង ពួកគេចាញ់ឆ្នោតតែបែរជាដេញអ្នកឈ្នះឆ្នោតឱ្យចុះចេញពីតំណែង។

ពួកគេកៀរគរមនុស្សមួយចំនួនតូចដែលពេលខ្លះមិនដល់១%ផង ឱ្យធ្វើបាតុកម្មហើយដាក់សម្ពាធលើរាជរដ្ឋាភិបាលឱ្យធ្វើតាមអ្វីដែលខ្លួនចង់បាន។ អាក្រក់ជាងនេះ ពួកគេប៉ុនប៉ងប្រើកម្លាំងក្រៅច្បាប់ដែលហៅថា ចលនា «បដិវត្តន៍ពណ៌» ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត។

ក្រៅពីនោះ នៅមានក្រុមអង្គការសង្គមស៊ីវិលមួយចំនួនដែលបង្កើតឡើងដោយមនុស្សមួយក្រុមតូច បែរជាតាំងខ្លួនជាតំណាងប្រជាពលរដ្ឋហើយដាក់សម្ពាធទៅលើរាជរដ្ឋាភិបាលឱ្យធ្វើតាមអ្វីដែលខ្លួនចង់បាន។ ក៏ដូចជាក្រុមអ្នកនយោបាយជ្រុលនិយមដែរ ក្រុមអង្គការសង្គមស៊ីវិលលម្អៀងទាំងនោះតែងយករឿងអវិជ្ជមានតិចតួចដែលកើតឡើងក្នុងសង្គមទៅធ្វើជាមូលដ្ឋានក្នុងការវាយតម្លៃសភាពការណ៍ទូទាំងប្រទេសដោយមិនខ្វល់ទាល់តែសោះពីចំណុចវិជ្ជមានដ៏ច្រើនលើសលប់ដែលរាជរដ្ឋាភិបាលសម្រេចបាន។

ដូច្នេះ ដើម្បីពង្រឹងប្រជាធិបតេយ្យនៅកម្ពុជា ជម្រើសមានតែមួយគត់ គឺការប្រើប្រាស់យន្តការបោះឆ្នោតដោយគោរពតាមការសម្រេចចិត្តរបស់ប្រជាពលរដ្ឋភាគច្រើន និងគោរពច្បាប់កម្ពុជា។ រាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតដែលទទួលសំឡេងគាំទ្រភាគច្រើនលើសលប់ពីប្រជាពលរដ្ឋមានការទទួលខុសត្រូវខ្ពស់និងមានគោលនយោបាយដែលត្រូវអនុវត្តតាមការសន្យាជាមួយម្ចាស់ឆ្នោត ដោយមិនអនុញ្ញាតឱ្យក្រុមណាមួយ មកបង្កភាពវឹកវរក្នុងសង្គមតាមទំនើងចិត្តបានឡើយ។

ដូច្នេះ សូមអ្នកវង្វេងប្រជាធិបតេយ្យទាំងឡាយយល់ឱ្យច្បាស់និងគួរតែប្រញាប់កែខ្លួនជាបន្ទាន់ ពោលគឺ កែរបៀបធ្វើការឱ្យស្របតាមគោលការណ៍ប្រជាធិបតេយ្យ។
បើមិនដូច្នោះទេ ត្រូវកែឈ្មោះដោយមិនត្រូវតាំងខ្លួនជា អ្នកប្រជាធិបតេយ្យ ទៀតទេ ពីព្រោះអំពើរបស់អ្នកមិនឆ្លុះបញ្ចាំងពីគោលការណ៍ប្រជាធិបតេយ្យឡើយ តែវាគឺជាការបំផ្លាញប្រជាធិបតេយ្យទៅវិញទេ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version