ទីភ្នាក់ងារជំងឺអេដស៍របស់អង្គការសហប្រជាជាតិ (UNAIDS) បានព្រមាន កាលពីថ្ងៃចន្ទ(ទី២៤ខែមីនា)ថា ការផ្អាកជំនួយរបស់អាមេរិក អាចនាំឱ្យមានការឆ្លងមេរោគអេដស៍ថ្មី ប្រមាណ២.០០០ ករណីក្នុងមួយថ្ងៃ នៅទូទាំងពិភពលោក និងការកើនឡើងនៃការស្លាប់ដែលពាក់ព័ន្ធនឹងជំងឺនេះរហូតដល់ដប់ដង។
ប្រភពពីសារព័ត៌មាន Reuters។
ការព្រមាននេះធ្វើឡើងដោយសារការព្រួយបារម្ភថា ប្រសិនបើមូលនិធិដែលបានផ្អាកមិនត្រូវបានស្តារឡើងវិញ ឬជំនួសដោយប្រភពផ្សេងទេ នោះវានឹងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ជាសកល។
នាយកប្រតិបត្តិ UNAIDS លោកស្រី Winnie Byanyima បានថ្លែងថា «ការដកហូតមូលនិធិភ្លាមៗរបស់សហរដ្ឋអាមេរិកនេះ បាននិងកំពុងបិទគ្លីនិកជាច្រើន និងបញ្ឈប់បុគ្គលិកសុខាភិបាលរាប់ពាន់នាក់… ទាំងអស់នេះមានន័យថា យើងអាចនឹងឃើញការឆ្លងថ្មីចំនួន ២.០០០ ករណីជារៀងរាល់ថ្ងៃ»។
លោកស្រីក៏បានព្រមានផងដែរថា ប្រសិនបើមូលនិធិពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) មិនត្រូវបានបន្តនៅចុងបញ្ចប់នៃការផ្អាករយៈពេល ៩០ ថ្ងៃនៅក្នុងខែមេសា ឬមិនត្រូវបានជំនួសដោយរដ្ឋាភិបាលផ្សេងទេនោះ «វានឹងមានករណីស្លាប់ដោយសារជំងឺអេដស៍ចំនួន ៦,៣ លាននាក់ក្នុងរយៈពេល ៤ ឆ្នាំខាងមុខ»។
តួលេខនេះបង្ហាញពីការកើនឡើងយ៉ាងខ្លាំងបើធៀបនឹងចំនួនអ្នកស្លាប់ដោយសារជំងឺអេដស៍ប្រមាណ ៦០០.០០០ នាក់នៅទូទាំងពិភពលោកក្នុងឆ្នាំ២០២៣នេះបើតាមទិន្នន័យចុងក្រោយ។ការកើនឡើងនេះអាចមានរហូតដល់ទៅដប់ដងនៃចំនួនអ្នកស្លាប់បច្ចុប្បន្ន។
គួរបញ្ជាក់ថាប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចផ្អាកជំនួយបរទេសស្ទើរតែទាំងអស់នៅពេលចូលកាន់តំណែងកាលពីថ្ងៃទី ២០ ខែមករា៕