(ភ្នំពេញ)៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ
បណ្ឌិត ទូច សុឃៈ (សុខៈ)បានឱ្យដឹងថា យោងតាមរបាយការណ៍ ប្រចាំថ្ងៃក្នុងសប្ដាហ៍ចុងក្រោយ គិតពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ ។
ក្រសួងមហាផ្ទៃបានបង្ក្រាបករណីក្មេងទំនើងទូទាំងប្រទេស សរុប២២ករណី និងឃាត់ខ្លួនជនសង្ស័យបាន ៤៦នាក់ដើម្បីចាត់ការណ៍ទៅតាមនីតិវិធី។
ក្រៅពីបញ្ហាគ្រឿងញៀន បញ្ហាក្មេងទំនើង គឺជារឿងដ៏រសើបមួយ ក្នុងចំណោមបញ្ហាធំៗ ទាំង៦ ដែលក្រសួងមហាផ្ទៃ បានដាក់គោលដៅអាទិភាព ក្នុងអាណត្តិរដ្ឋសភានីតិកាលទី៧នេះ។
ចំណាត់ការរបស់ក្រសួងមហាផ្ទៃក៏ដូចជាលទ្ធផលនាពេលនេះ គឺកើតចេញពីការខិតខំប្រឹងប្រែងរបស់អង្គភាពក្រោមចំណុះក្រសួងមហាផ្ទៃដែលមាន អគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការនគរបាលរាជធានីខេត្ត អធិការដ្ឋាន និងប៉ុស្តិ៍នគរបាលនៅទូទាំងប្រទេសដែលអស់លោកមានសមត្ថកិច្ចបាននិងកំពុងតែធ្វើការងារយ៉ាងយកចិត្តទុកដាក់ ដើម្បីធានាបាននូវសន្តិសុខក៏ដូចជាសុវត្ថិភាពជូនប្រជាពលរដ្ឋ។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បណ្ឌិត ទូច សុឃៈ (សុខៈ) បញ្ជាក់ទៀតថា ករណីបង្ក្រាបក្មេងទំនើង គឺជាចំណុចអាទិភាពមួយ ដែលត្រូវដោះស្រាយនៅទូទាំងប្រទេសក្នុងចំណោមទិសដៅអាទិភាពទាំង៦ ។
ដែលដាក់ចេញដោយ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផៃ្ទ តាមទស្សនៈ «អ្វីៗធ្វើដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ»។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តែងដាក់តឿនក្រើនរម្លឹក និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ ដល់កិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ច អាជ្ញាធរ ប្រជាការពារ និងតួអង្គពាក់ព័ន្ធទាំងអស់ ព្រមទាំងជំរុញបន្តធ្វើការបន្ថែមទៀត ដើម្បីបម្រើប្រជាពលរដ្ឋប្រកបប្រសិទ្ធភាព ប្រសិទ្ធផល និងសង្គតិភាព។
ក្រៅពីតាមដាន ក្របួច និងបង្ក្រាបជនសង្ស័យ ការអនុវត្តផែនការសកម្មភាពផ្សព្វផ្សាយអប់រំ ក៏ជាគោលការណ៍ត្រូវធ្វើ និងទាមទារឱ្យមានការចូលរួមពីចំណោមយុវជន និងប្រជាពលរដ្ឋផងដែរ៕