មនុស្សរាប់ពាន់នាក់ បាននាំគ្នាដើរដង្ហែក្បួនដ៏ធំមួយ ដើម្បីបង្ហាញការគាំទ្រចំពោះប៉ាឡេស្ទីន នៅក្នុងទីក្រុងរ៉ាបា (Rabat) នៃប្រទេសម៉ារ៉ុក ដោយទាមទារឲ្យម៉ារ៉ុក បញ្ចប់ទំនាក់ទំនងរបស់ខ្លួនជាមួយអ៊ីស្រាអែល។
ម៉ារ៉ុកបានព្រមព្រៀងពង្រឹងទំនាក់ទំនងជាមួយអ៊ីសា្រអែលនៅឆ្នាំ ២០២០ ក្រោមកិច្ចព្រមព្រៀងមួយដែលសម្របសម្រួល ដោយសហរដ្ឋអាមេរិក អំឡុងអាណត្តិដឹកនាំរបស់អតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ។ ត្បិតមិនទាន់បង្កើតស្ថានទូតទៅវិញទៅមក ដូចដែលបានព្រមព្រៀងគ្នាក្តី ប៉ុន្តែប្រទេសទាំងពីរបានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិ។
ក្បួនតវ៉ាដ៏ធំកាលពីថ្ងៃអាទិត្យនោះ ត្រូវបានសហការរៀបចំដោយក្រុមឆ្វេងនិយម និងក្រុមប្រឆាំងក្នុងប្រទេសម៉ារ៉ុក។ ភាគច្រើននៃអ្នកតវ៉ាចំនួន ១០,០០០នាក់ ហាក់ដូចជាអ្នកកាន់សាសនាឥស្លាម ដោយបុរសដើរដង្ហែដាច់ដោយឡែកពីស្ត្រី និងគ្រវីទង់ជាតិប៉ាឡេស្ទីន រួមតាំងកាន់បដាដែលសរសេរថា «តស៊ូហូតដល់មានជ័យជម្នះ បញ្ឈប់ការធ្វើប្រក្រតីភាពនៃទំនាក់ទំនង រវាងរដ្ឋាភិបាលម៉ារ៉ុកជាមួយអ៊ីស្រាអែល ដោះលែងប៉ាឡេស្ទីន»។
សង្រ្គាមនៅតំបន់ហ្គាហ្សា កំពុងអូសទាញមនុស្សរាប់ពាន់នាក់នៅក្នុងប្រទេសម៉ារ៉ុក ដែលភាគច្រើនដឹកនាំដោយក្រុមអារ៉ាប់ និងអ្នកកាន់សាសនាឥស្លាម ឲ្យបង្ហាញចំណាប់អារម្មណ៍ប្រឆាំងទៅនឹងអ៊ីស្រាអែល៕