(ភ្នំពេញ)៖ នៅព្រឹកទី២៦ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិស្តីពីលទ្ធផលចុងក្រោយ នៃជំរឿនសេដ្ឋកិច្ច នៅកម្ពុជាឆ្នាំ២០២២។
ជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ ត្រូវបានធ្វើឡើងគោលបំណងចងក្រងស្ថិតិមូលដ្ឋានគ្រឹះស្តីពីអង្គភាពសេដ្ឋកិច្ច និងបង្កើតបញ្ជីមេនៃអង្គភាពសេដ្ឋកិច្ចនៅកម្ពុជា ដែលផ្តល់នូវព័ត៌មានសំខាន់ៗស្តីពីស្ថានភាពនៃសកម្មភាព និងរចនាសម្ព័ន្ធសេដ្ឋកិច្ច ដល់អ្នករៀបចំគោលនយោបាយ អ្នករៀបចំផែនការ អ្នកស្រាវជ្រាវ និងអ្នកពាក់ព័ន្ធដទៃទៀត។
បញ្ជីមេនៃអង្គភាពសេដ្ឋកិច្ចក៏ត្រូវបានប្រើប្រាស់ជាបញ្ជីគោលនៃជំរឿនសេដ្ឋកិច្ច និងធ្វើជាបញ្ជីសំណាកគំរូ សម្រាប់ជ្រើសរើសសំណាកគំរូនៃអង្កេតផ្សេងៗពាក់ព័ន្ធនឹងក្រុមហ៊ុន សហគ្រាសអាជីវកម្ម សិប្បកម្ម ពាណិជ្ជកម្ម និងសេវាកម្ម លើកលែងតែអង្គភាពសេដ្ឋកិច្ចក្នុងវិស័យកសិកម្ម។
បន្ថែមពីលើសពីនេះ លទ្ធផលនៃជំរឿនសេដ្ឋកិច្ចរួមចំណែកក្នុងដំណើរការអនុវត្ត និងតាមដានត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគោលនយោបាយ និងផែនការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច ទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ។
ជាពិសេសលទ្ធផលជំរឿនសេដ្ឋកិច្ច រួមចំណែកក្នុងការផ្តល់ទិន្នន័យសូចនាករសំខាន់ៗដែលជាតម្រូវការចាំបាច់មិនអាចខ្វះបានក្នុងការធ្វើបច្ចុប្បន្នភាពស្ថានភាពសេដ្ឋកិច្ចកម្ពុជា អំពីមូលដ្ឋានគ្រឹះនៃអង្គភាពសេដ្ឋកិច្ច ។
ដែលឆ្លុះបញ្ចាំងអំពីទិន្នន័យព័ត៌មានសកម្មភាពផលិតកម្ម សេវាកម្មរបស់អង្គភាពសេដ្ឋកិច្ច គ្រប់ទំហំខ្នាត និងប្រភេទលក្ខណៈនៃរចនាសម្ព័ន្ធអង្គភាពសេដ្ឋកិច្ច កម្លាំងពលកម្ម ឬអ្នកចូលរួមការងារ ស្ថានភាពហិរញ្ញវត្ថុ និងសូចនាករផ្សេងៗទៀតតាមវិស័យសកម្មភាពសេដ្ឋកិច្ច ។
ដែលត្រូវបានគ្របដណ្តប់ដោយជំរឿនកសិកម្ម ព្រមទាំងស្ថានទូត និងអង្គភាពប្រហាក់ប្រហែល ដូចជាក្រសួងស្ថាប័ន ឬអង្គភាពរដ្ឋាភិបាល ទីបញ្ជាការដ្ឋានទាហាន និងអង្គភាពសេដ្ឋកិច្ចចល័ត និងផ្នែកសកម្មភាពការងារបម្រើឱ្យគ្រួសារដែលស្ថិតនៅក្នុងចំណាត់ថ្នាក់វិស័យឧស្សាហកម្មតាមស្ដង់ដារអន្តរជាតិនៃអង្គការសហប្រជាជាតិ។
ជំរឿនសេដ្ឋកិច្ចត្រូវបានរៀបចំធ្វើ២ដងរួចមកហើយ គឺជំរឿនសេដ្ឋកិច្ចឆ្នាំ២០១១ និងជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២។
ជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ ត្រូវបានធ្វើឡើងដោយអនុលោមតាមច្បាប់ស្តីពីស្ថិតិឆ្នាំ២០១៥ និងអនុក្រឹត្យលេខ១៥១ អនក្រ.បក ចុះថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ ស្តីពីការកំណត់កាលបរិច្ឆេទ ការរៀបចំនិងការប្រព្រឹត្តទៅនៃជំរឿនសេដ្ឋកិច្ចកម្ពុជា និងអនុក្រឹត្យលេខ១៨២ អនក្រ.បក ចុះថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីស្ថិតិផ្លូវការ ដែលបានចាត់តាំង និងការគាំទ្រថវិកាពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃរាជរដ្ឋាភិបាលកម្ពុជា។
ក្រសួងផែនការ បានរៀបចំបង្កើតគណៈកម្មាធិការជាតិជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២១ គណៈកម្មការបច្ចេកទេសជំរឿនសេដ្ឋកិច្ច នៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២១ គណៈកម្មការឃោសនាជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២១ គណៈកម្មាធិការជំរឿនសេដ្ឋកិច្ចរាជធានី ខេត្ត និងអនុវត្តធ្វើជំរឿនសេដ្ឋកិច្ចនៅទូទាំងប្រទេសកម្ពុជា យ៉ាងយកចិត្តទុកដាក់ដោយកំណត់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ ។
ជាកាលបរិច្ឆេទយោង ហើយនិងធ្វើប្រតិបត្តិការចុះសម្ភាសន៍និងស្រង់ទិន្នន័យចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ គឺជាប្រវត្តិសាស្រ្តនៃជំរឿនសេដ្ឋកិច្ច ត្រូវបានធ្វើទ្បើងជាលើកទីពីរនៅក្នុងឆ្នាំ២០២២ ដោយគ្របដណ្តប់អង្គភាពសេដ្ឋកិច្ចទាំងអស់នៅក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ស្រង់ទិន្នន័យអង្គភាពសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ។
ដោយផ្អែកតាមនិយមន័យច្បាស់លាស់អំពី អង្គភាពសេដ្ឋកិច្ច គឺជាអង្គភាពអាជីវកម្ម ឬជាផ្នែកមួយនៃអង្គភាពអាជីវកម្ម ដែលមានទីតំាងមួយជាក់លាក់ ហើយនិងមានសកម្មភាពផលិតកម្មតែមួយ ឬមានសកម្មភាពផលិតកម្មសំខាន់ដែលបង្កើតតម្លៃបន្ថែមមួយផ្នែកធំ ដោយផ្អែកតាមនិយមន័យរបស់អង្គភាពស្ថិតិនៃអង្គការសហប្រជាជាតិ។
ក្នុងន័យនេះ ការធ្វើជំរឿនសេដ្ឋកិច្ចនៅកម្ពុជាឆ្នាំ២០២២ ត្រូវបានរាប់បញ្ចូលអង្គភាព សេដ្ឋកិច្ចមានជាអាទិ៍ អង្គភាពសេដ្ឋកិច្ចនៅតាមផ្សារ ក្រុមហ៊ុន សហគ្រាស រោងចក្រ សហគ្រាសរដ្ឋ គ្រឹះស្ថានហិរញ្ញវត្ថុ សិប្បកម្ម អាជីវកម្ម លក់ដុំ លក់រាយ លក់ដូរតាមអនទ្បាញ សាលារៀន សាកលវិទ្យាល័យ មណ្ឌលសុខភាព មន្ទីរពេទ្យ វត្តអារាមជាដើម៕