កាលពីថ្ងៃអាទិត្យ (ទី៦ ខែមេសា) ក្រុមមន្ត្រីសុខាភិបាលប៉ាឡេស្ទីននៅក្នុងតំបន់ហ្កាហ្សា បានឱ្យដឹងថាការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែល បានសម្លាប់មនុស្សយ៉ាងហោច៣២នាក់ ក្នុងនោះភាគច្រើនជាស្ត្រីនិងកុមារ ខណៈលោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ធ្វើដំណើរទៅកាន់អាមេរិក ដើម្បីជួបជាមួយប្រធានាធិបតីលោក ដូណាល់ ត្រាំ ពិភាក្សាអំពីសង្រ្គាមនៅក្នុងតំបន់ហ្កាហ្សា។
ប្រភពពីសារព័ត៌មាន AP។
យោធាអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ បានបង្គាប់ឱ្យប្រជាជនប៉ាឡេស្ទីន ជម្លៀសខ្លួនចេញពីតំបន់ជាច្រើនស្ថិតនៅក្បែរទីក្រុង Deir al-Balah នៃភាគកណ្ដាលតំបន់ហ្កាហ្សាក្រោយមានគ្រាប់រ៉ុក្កែត១០គ្រាប់ត្រូវបានបាញ់ចេញពីហ្កាហ្សាតម្រង់ទៅរកទីក្រុងមួយចំនួនរបស់អ៊ីស្រាអែល។ តាមយោធាអ៊ីស្រាអែល គ្រាប់រ៉ុក្កែត ៥គ្រាប់ត្រូវបានស្ទាក់បាញ់បំផ្លាញរីឯក្រុមហាម៉ាស់បានអះអាងទទួលខុសត្រូវ។ ប៉ូលិសអ៊ីស្រាអែលវិញ រ៉ុក្កែតមួយគ្រាប់ បានធ្លាក់ក្នុងទីក្រុង Ashkelon ហើយបំណែកនៃគ្រាប់រ៉ុក្កែតនេះបានធ្លាក់រប៉ាត់រប៉ាយ ធ្វើឱ្យបុរសម្នាក់រងរបួសស្រាល។ ភ្លាមៗក្រោយការវាយប្រហារដោយគ្រាប់រ៉ុក្កែតនេះ យោធាអ៊ីស្រាអែល បានដឹកនាំការវាយប្រហារតាមផ្លូវអាកាសកម្ទេចជើងទម្របាញ់គ្រាប់រ៉ុក្កែតមួយក្នុងតំបន់ហ្កាហ្សា៕