សារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់១១នាក់ក្នុងនោះស្រ្តីនិងកុមារ បានស្លាប់ ដោយសារអគារកម្ពស់៤ជាន់ បានបាក់រលំនៅក្នុងរដ្ឋធានីញូវដែល្លីប្រទេសឥណ្ឌាកាលពីថ្ងៃសៅរ៍(ទី១៩ខែមេសា)។
ហេតុការណ៍បាក់រលំអគារនេះ បានកើតឡើងនៅវេលាម៉ោង ៣ព្រឹកទាបភ្លឺ នៅតំបន់ Mustafabad ស្ថិតក្នុងរដ្ឋធានីញូវដែល្លី ហើយក្រុមជួយសង្រ្គោះ រួមទាំងកងកម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិ និងក្រុមនគរបាល បានចាប់ផ្តើមប្រតិបត្តិការរុករកមនុស្សបាត់ខ្លួនដែលគេសង្ស័យជាប់ខ្លួននៅក្រោមគំនរបាក់បែកអគារ ។
គ្រឿងចក្រ និងក្រុមជួយសង្រ្គោះ កំពុងព្យាយាមអស់ពីលទ្ធភាព ដើម្បីស្វែងរកអ្នករស់រាន ហើយពួកគេសង្រ្គោះបានមនុស្ស ១១នាក់ ដែលក្រោយមកត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែក ។
សូមបញ្ជាក់ថា ហេតុការណ៍បាក់រលំអគារ បានក្លាយជារឿងធម្មតាទៅហើយនៅក្នុងប្រទេសឥណ្ឌា ដោយសារសំណង់ចាស់ៗ ការសាងសង់ខុសច្បាប់៕